ពលរដ្ឋទីទ័លក្រ និងចាស់ជរាចំនួន៥២គ្រួសារ ទទួលបានអំណោយពី រដ្ឋបាលឃុំអូរដំបង១

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលឃុំអូរដំបង១ ដឹកនាំដោយលោក ជឿង ស៊ិន ប្រធានក្រុមប្រឹក្សាស្រុកសង្កែ បាននាំយកអំណោយរបស់រដ្ឋបាលឃុំផ្ដល់ជូនពលរដ្ឋទីទ័លក្រ និងចាស់ជរា ចំនួន៥២គ្រួសារ មកពីភូមិចំនួនពីរ ក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះលោក សេក ផានិត មេឃុំអូរដំបង១ បានសម្តែងការថ្លែងអំណរគុណចំពោះលោកមេភូមិទាំងពីរ និងសមាជិកអនុភូមិទាំងអស់ដែលបានខិតខំប្រឹងប្រែងបម្រើបងប្អូនប្រជាពលរដ្ឋ ជាពិសេសលោក ជឿង ស៊ិន ប្រធានក្រុមប្រឹក្សាស្រុកដែលបានផ្ដល់យោបល់ល្អៗដល់គ្រប់បណ្តាឃុំទាំងអស់ដោយតម្រូវអោយខិតខំបំរើរាស្ត្រ  បំរើប្រជាពលរដ្ឋ ព្រោះថ្នាក់ដឹកនាំភូមិឃុំ គឺ ជាមន្ត្រីដែលបំរើពលរដ្ឋ ហើយក្នុងនោះលោកក៏បានចង្អុលបង្ហាញអោយលោជាមេឃុំ និងក្រុមប្រឹក្សាឃុំទាំងអស់ផ្តោតសំខាន់យកចិត្តទុកដាក់រាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺបញ្ញាប្រឈមនានា។

ជាមួយគ្នានេះដែរ លោក ជឿង ស៊ិន ប្រធានក្រុមប្រឹក្សាស្រុកសង្កែ ក៏បានលើកឡើងដែរថា ក្រុមប្រឹក្សាឃុំក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ សម្តេចតែងតែផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ត្រូវយកចាត់ទុកដាក់ទៅលើជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់មន្ត្រី សម្តេចមិនទុកអោយបងប្អូនប្រជាពលរដ្ឋណាមួយបាត់បង់អាយុជីវិតដោយសារអត់មានបាយហូបនោះទេ។

បន្ថែមពីនេះលោកប្រធានក្រុមប្រឹក្សាស្រុកក៏បានអំពាវនាវសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជំនឿ ទីមួយសូមពិចារណាជឿអ្វីដែលមានផលប្រយោជន៍ដល់យើង ជឿអ្វីដែលមានផលចំណេញដល់យើង ដោយលើកយកឧទាហរណ៍ដែលពលរដ្ឋមួយចំនួនផ្អើលទៅនៅសៀមរាប  ទីពីរបញ្ហាចាក់វ៉ាក់សាំង ព្រោះជំងឺកូវីដមិនទាន់ទៅណាឆ្ងាយពីយើងទេ ដូច្នេះសូមបងប្អូនបន្តទៅចាក់វ៉ាក់សាំងដូសទី៣ ទី៤ ទៅតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល និងទីបីសូមអោយបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារៗ មានអង្ករ ត្រីខ ទឹកត្រីទឹកស៊ីអ៊ីវ ស្ករស និងប៊ីចេង ផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This