សម្លាប់ប្រពន្ធនៅភ្នំពេញ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ ឥឡូវត្រូវសមត្ថកិច្ច ចាប់ខ្លួននៅខេត្តបាត់ដំបង

91

បាត់ដំបង ៖ ជនសង្ស័យម្នាក់ក្នុងសំណុំរឿង សម្លាប់ប្រពន្ធនៅភ្នំពេញ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ ឥឡូវត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយ នៅខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ដោយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបានបង្ក្រាបចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៀន ហួរ ភេទប្រុស អាយុ៥៩ឆ្នាំ ឃាត់នៅត្រង់ចំណុចផ្ទះសំណាក់នីឡា ស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ហើយក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបាននាំទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីបន្ត ។

លោកបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ មានហេតុការណ៍ ឃាតកម្មសម្លាប់ប្រពន្ធខ្លួនឯង មួយករណីបានកើតឡើង នៅចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបុរសជាប្ដី ដែលជាជនសង្ស័យត្រូវបានឃាត់ខ្លួនខាងលើ បានយកកាំបិតកាប់ និងយកកៅអី វាយសម្លាប់ជនរងគ្រោះជាប្រពន្ធ ឈ្មោះ គង់ វុទ្ធី ហៅលី អាយុ៥៧ឆ្នាំ ហើយកាច់ដៃកាច់ជើង យកសពច្រកក្នុងវ៉ាលី ទៅបោះចោល ។ ក្រោយកើតហេតុ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មានប្រជាពលរដ្ឋបានប្រទះឃើញមានមនុស្សស្លាប់អណ្ដែតទឹក នៅក្នុងវ៉ាលី ត្រង់ចំណុចមាត់ទន្លេ ក្រោយវិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចម្ងាយពីវិហារ២០០ម៉ែត្រ បន្ទាប់មកក្រោយទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវភ្លាមៗ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបបានតែម្ដង៕

ដោយ ៖ សាលី

ចំណែក