Connect with us

ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ សាងសង់ផ្ទះ និងផ្តល់គ្រឿងឧបភោគបរិភោគ ដល់លោកយាយទុគ៌តម្នាក់

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្រោយសង្កេតឃើញលោកយាយទុគ៌តម្នាក់ ជាអ្នកចំណូលថ្មី មកស្នាក់អាស្រ័យនៅក្នុងខេត្តប៉ៃលិន មានស្ថានភាពជីវភាពប្រចាំថ្ងៃ ជួបនឹងការលំបាកខ្លាំង និងមានជម្ងឺប្រចាំកាយផង លោកជំទាវបានចាត់ឱ្យក្រុមការងារ ស.ស.យ.ក ខេត្តប៉ៃលិន សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅសួរសុខទុក្ខ ជួយសង់កូនផ្ទះ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ដើម្បីមានកន្លែងស្នាក់អាស្រ័យសមរម្យ មានស្បៀងអាហារទទួលទាន មួយរយ:ពេលធំផងដែរ ។

លោក នឹម អឿន ចៅសង្កាត់ប៉ៃលិន បានឱ្យដឹងថា ៖ លោកយាយទុគ៌តខាងលើ មាន ឈ្មោះ អៀន ដុះ អាយុ៦៦ឆ្នាំ ជាអ្នកចំណូលថ្មី បានមកស្នាក់អាស្រ័យក្នុងភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត ។

លោកយាយគ្មានកូនចៅនឹងគេនោះទេ ខណ:ប្តីរបស់ខ្លួន បានស្លាប់ចោលអស់រយ:ពេលជាយូរឆ្នាំមកហើយ ដោយចូលមកសុំដី អ្នកភូមិខាងលើសង់កូនផ្ទះស្នាក់អាស្រ័យ នៅបណ្តោះអាសន្ន ហើយបានអ្នក ភូមិផ្តល់ម្ហូបអាហារប្រចាំថ្ងៃ ដើម្បីបន្តជីវិតរស់នៅ ។ ប៉ុន្តែ បន្ទាប់ពីថ្នាក់ដឹកនាំខេត្ត សង្កេតឃើញពីបញ្ហាជីវភាពលំបាកលំបិន ដោយខ្ទមលេចធ្លុះធ្លាយ លំបាកស្នាក់នៅ ក៏ចាត់ឱ្យខាងលោក ដឹកនាំក្រុមការងារ ស.ស.យ.ក ខេត្ត ចុះទៅសង់ខ្ទមថ្មីជូនគាត់ស្នាក់នៅតែម្តង។

សូមបញ្ជាក់ថា កាលពីមុនលោកយាយ បានសុំដី អ្នកភូមិសង់កូនផ្ទះស្នាក់នៅ ហើយក្រោយមកម្ចាស់ដីគេប្រកាសលក់ គាត់ក៏សុំដីអ្នកជិតខាងម្នាក់ទៀត ដើម្បីស្នាក់នៅបណ្តោះអាសន្ន ទម្រាំតែអស់ជីវិតនៅលើផែនដី ។

ជាមួយនឹងអំណោយ របស់លោកជំទាវអភិបាលខេត្ត លោកយាយបានលើកម្រាមដៃ១០ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ ដែលបានលះបង់ពេលវេលា ចំណាយកម្លាំងកាយចិត្ត រួមទាំងថវិកា ចុះទៅសង់ផ្ទះជូនគាត់ស្នាក់នៅ ជាពិសេសនោះ គឺបានផ្តល់ម្ហូបអាហារ ជូនគាត់ទទួលទានជាប្រចាំ ។ លោកយាយក៍បានជូនពរដល់លោកជំទាវ និងក្រុមការងារ ឱ្យជួបប្រទះតែសេចក្តីសុខចម្រើន គ្រប់ពេលវេលា ប្រកបការងារ ទទួលបានជោគជ័យជានិច្ចនិរន្តន៍ផងដែរ ។

អំណោយដែលផ្តល់ជូនលោកយាយ រួមមាន ៖ អង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកសុទ្ធ៥យួរ, ភេសជ្ជ:ទឹកត្រចៀកកាំ១យួរ, ទឹកប្រទាលកន្ទុយក្រពើ១យួរ, អំបិលអ៊ីយ៉ូត១គីឡូក្រាម, ស្ករស១គីឡូក្រាម, ម្សៅស៊ុប១កញ្ចប់, ថ្នាំពេទ្យ, និងថវិកា១០ម៉ឺនរៀលផងដែរ ៕