​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​នៅ​ស្រុកកំពង់សៀម​​សរុបថវិកា​ជាតិ​ជិត​៥០០លាន​ ហាក់​មិនប្រក្រតី លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​មិន​ឲ្យ​ថតរូប

164

កំពង់ចាម ៖​ ការ​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវឃុំ-សង្កាត់ចំនួន៤កន្លែង​នៅ​ស្រុកកំពង់សៀម ​ខេត្ត​កំពង់ចាម​ ត្រូវ​បាន​គេ​មើលឃើញថា​ ហាក់​មាន​ភាព​មិន​ប្រក្រតី ​មានការ​រៀបចំ​ទុកជាមុន​​ ​និង​ជា​ការ​ស៊ុមគ្រលុំ​​ឃុបឃិត​គ្នា​រវាង​អាជ្ញាធរ ​និង​ក្រុមហ៊ុន​អ្នកដេញថ្លៃ​ ដើម្បី​បាន​ផលប្រយោជន៍​ចូល​ហោ​ប៉ៅ​រៀងៗខ្លួន។

ជាក់ស្ដែង​នៅ​​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ ​នៅ​សាលាស្រុក​កំពង់សៀម ​មានការ​ដេញ​ថ្លៃ​ចំនួន​៤​គម្រោង ​​ត្រូវ​បាន​នាយករង​រដ្ឋ​បាល​សាលាខេត្ត​កំពង់ចាម ​លោក ​ឡី មិច និង​លោក ​ឈួន វិបុល ​បញ្ជា​សមត្ថកិច្ច​រារាំង​អ្នក​សារ​ព័ត៌មាន​មិន​ឲ្យ​ចូល​ផ្ដិត​រូបភាព​​នៃ​ពិធី​ដេញ​ថ្លៃនេះ ។

សកម្មភាព​ហាម​ឃាត់​អ្នក​ព័ត៌មាននេះ​មិន​ឲ្យ​ផ្ដិតយករូបភាពនេះ​ ធ្វើ​ឲ្យ​មតិមហាជន ​បាន​សង្ស័យ​ថា ជា​ការ​ដេញថ្លៃ​របៀប​ចង​មុង​ទុក​ ពោល​គឺ​ការ​ដេញថ្លៃ​ដោយ​ការ​ចរចា​តម្លៃ​ទឹក​តែ​ត្រូវរ៉ូវគ្នា​ជា​ប្រព័ន្ធ​ពី​ខាង​ក្រៅរួច ​ទើប​ដាក់​សំណើ​ដេញថ្លៃ គឺ​ខុសគ្នា​ឆ្ងាយ​ពី​ការ​ដេញថ្លៃ ​នាពេល​កន្លងមក​ ​គឺ​ការ​ដេញថ្លៃ​មានការ​ប្រកួតប្រជែង​យ៉ាង​យុត្តិធម៌​​។

សូមបញ្ជាក់ថា ​ការ​ដេញ​ថ្លៃ​គម្រោង​អភិវឌ្ឍន៍ឃុំ-សង្កាត់​ចំនួន៤កន្លែង​ នៅស្រុកំពង់សៀម ​គំរោង​ទី​១,​នៅ​ឃុំ​កោះសំរោង ភូមិ​ទី​៥ ស្រុក​កំពង់សៀម ផ្លូវ​នេះ ​មាន​ទទឹង​៤​ម៉ែត្រ ​កម្រាស់​០,១៥ មិន​ដាក់​ប្រវែង​ តម្លៃ​ប៉ាន់ស្មាន ៩៤ ៤៥៤ ៩៥៩​រៀល ចុះមក៩៣ ០០០ ០០០​រៀល ។ គំរោង​ទី​២, ឃុំ​កោះសំរោង ភូមិ​ទី​៤ ស្រុក​កំពង់សៀម តម្លៃ​ប៉ាន់ស្មាន ៥៥ ៥០៧ ០៥៦​រៀល ​ចុះមក ៥៣ ៥០០ ០០០ ​រៀល ។ គំរោង​ទី​៣, ឃុំ​កោះ​ប្រាក់ ស្រុក​កំពង់សៀម តម្លៃ​ប៉ាន់ស្មាន ១៣៩ ២៩០ ០២៣​រៀល ចុះមក១៣៦ ៦៧៥ ០០០​រៀល ។ គំរោង​ទី​៤, ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម តម្លៃ​ប៉ាន់ស្មាន ១៩៣ ០២៥ ៤៥៥​រៀល ចុះមក ១៦៧ ៧៥០ ០០០​រៀល​។ ដោយ​ឃើញថា​ ការ​ដេញថ្លៃ​លើក​នេះ​ចុះ​បាន​ត្រឹមតែ​៣%​ទៅ​៥% ​ ដែល​កន្លងមក​ការ​ដេញថ្លៃ​មានការ​ប្រកួតប្រជែង​យ៉ាង​យុត្តិធម៌ ​មានការ​ចុះថ្លៃ ៣០% ៤០% ទៅ​៥០% ​ហើយ​អ្នកចូលរួម​ដេញថ្លៃ​មកពី​៣០ទៅ​៤០​ក្រុមហ៊ុន ​ដាក់ពាក្យ​ដេញថ្លៃ ​ពី​៧ ទៅ​១០​ក្រុមហ៊ុន​យ៉ាងតិច ដើម្បី​ទារ​តម្លៃ​ទាប​ តែ​ជាក់ស្តែង​ នៅក្នុង​ថ្ងៃនេះ​ ការដេញថ្លៃ​មាន​ក្រុមហ៊ុន​ជាច្រើន​ចូលរួម​ អ្នកដេញថ្លៃ​តែ​៤ទៅ៥​ក្រុមហ៊ុន ហើយ​តម្លៃ​ប្រហាក់​ប្រហែលគ្នា ​និង​ភាគរយ​ធ្លាក់​ចុះ​បន្តិចបន្តួច​តែប៉ុណ្ណោះ​។អង្គភាពយើង​មិនអាចសុំការបញ្ជាក់ណាមួយពី​លោក ​ឡី មិច និង​លោក ​ឈួន វិបុល ​ បាននៅឡើយទេ ។

គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ បែប​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​(​គជ​អប​) បាន​បញ្ជាក់ថា​ អ្នកដេញថ្លៃ​ត្រូវ​ចូលរួម​ដេញថ្លៃ​ប្រកបដោយ​ការ​ប្រកួតប្រជែង គ្មាន​ការ​ឃុបឃិត គ្មាន​ការ​បន្លំ គ្មាន​ការ​បង្ខិតបង្ខំ ឬ​ការប្រព្រឹត្ត​អំពើពុករលួយ​ បើ​ត្រូវ​រក​ឃើញ​អ្នកដេញថ្លៃ​មានការ​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​ការបន្លំ ​ឬ​ ប្រព្រឹត្តិ​អំពើពុករលួយ ​អ្នក​ដេញ​ទាំងនោះ​ និង​ត្រូវ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ជា​រៀងរហូត​ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ដាក់​សំណើរ​ដេញថ្លៃ កិច្ចសន្យា ឃុំ​សង្កាត់ ទាំងអស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ប្រាក់​កក់​ធានា​ដេញថ្លៃ​របស់​អ្នក​ដេញ​នោះ ​និង​ត្រូវ​រឹបអូស​ ផ្ទេរ​បង្វែរ​ចូល​ថវិកា​រដ្ឋ​។

ជា​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ​នៅ​មូលដ្ឋាន​ដែល​ប្រើប្រាស់​ផ្លូវ​ផ្ទាល់​ តែងតែ​និយាយ​តៗ​គ្នា​ថា ផ្លូវ​ដែល​ធ្វើ​ហើយ​ភាគច្រើន​គឺ​គ្មាន​គុណភាព​ ធ្វើ​ខាង​មុខ​ខូច​ខាងក្រោយ​ កម្ពស់​១​តឹក​កន្លះ​ សល់​ត្រឹម​១​តឹក ឬ​ខូចខាត​មុន​កុងត្រា​។ ​ប្រជាពលរដ្ឋ ​សំណូមពរ​​​​សូម​ឱ្យ​រាជរដ្ឋាភិបាល ​​ក៏​ដូច​មន្ត្រី​ពាក់​ព័ន្ធ​ជួយពិនិត្យ​ និង​កែ​សម្រួល​ដល់​ការដេញថ្លៃគម្រោងសាងសង់ផ្លូវថ្នាក់ឃុំ-សង្កាត់ផង កុំឱ្យ​មាន​ការ​យកលុយរដ្ឋ​ ក្នុង​គម្រោងសាងសង់ផ្លូវ ​ទៅ​ចែក​ទឹក​តែគ្នាបែបនេះ​ បន្តទៅទៀត ។​បើ​នៅ​តែ​មានការ​ចែកទឹកតែគ្នាបែបនេះ​ បន្តទៅទៀតនោះ​ ផ្លូវក្នុងឃុំនីមួយៗ​​ និង​គ្មានគុណភាពនោះទេ ហើយ​អស់ថវិកា រដ្ឋមិនតិចឡើយក្នុងមួយឆ្នាំៗ ៕

អត្ថបទ ៖ 096 49 39 998

ចំណែក