យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានគ្រាប់មីន និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវពលរដ្ឋប្រទះឃើញ នៅស្រុករតនមណ្ឌល

103

បាត់ដំបង ៖ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសេះសល់តាំងពីសម័យសង្គ្រាម ប្រមាណជាង ៥០០គ្រាប់ ត្រូវបានប្រជាពលរដ្ឋជាអ្នកនេសាទ ប្រទះឃើញ នៅក្នុងមូលដ្ឋានស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានអោយដឹងថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ យ៉ាវ យូន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ថាមានករណីប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ខណៈដែលរូបគាត់ កំពុងនេសាទត្រីនៅតាមដងស្ទឹងក្នុងមូលដ្ឋានខាងលើ លោកក៏បានចាត់អោយកម្លាំងមន្ត្រីរបស់លោក ចុះទៅពិនិត្យជាក់ស្តែង និងប្រមូលបានយុទ្ធភ័ណ្ឌសរុបចំនួន ៥៣៩គ្រាប់រួមមាន ៖ គ្រាប់មីនប្រភេទ 72A ចំនួន ៣៦គ្រាប់ (ហាក់នៅមានប្រសិទ្ធភាពក្នុងការបំផ្ទុះបាន), គ្រាប់កាំភ្លើងប្រភេទ B40 ចំនួន ០៣គ្រាប់, គ្រាប់កាំភ្លើងប្រភេទ K57ចំនួន ៥០០គ្រាប់ ។

លោកបញ្ជាក់ថា នៅចំណុចដែលប្រជាពលរដ្ឋលោកប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះ ជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយ ក្នុងចំណោមតំបន់ផ្សេងទៀតនៃស្រុករតនមណ្ឌល ហើយយុទ្ធភ័ណ្ឌទាំងនេះ អាចជារបស់កងទ័ពក្នុងសម័យនោះដែលរក្សាទុកនៅទីកន្លែងនោះ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធ ប៉ុន្តែនៅពេលក្រោយមកយុទ្ធភ័ណ្ឌទាំងនេះ បានកប់ទៅក្នុងដីក្រោមគុម្ភឫស្សី ក្បែរមាត់ស្ទឹងហើយ ក្នុងប៉ុន្មានថ្ងៃនេះ នៅចំណុចនោះមានភ្លៀងធ្លាក់ខ្លាំង មានទឹកហូរច្រោះដី ជាហេតុធ្វើឱ្យយុទ្ធភ័ណ្ឌ ទាំងនេះផុសចេញមកពីគុម្ពឬស្សី ទើបប្រជាពលរដ្ឋលោកប្រទះឃើញ និងរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

គួររំលឹកថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ នៅស្រុករតនមណ្ឌលនេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញគ្រាប់មីនប្រភេទ 72Aចំនួន ១២គ្រាប់ ម្តងរួចមកហើយ ខណៈដែលប្រជាពលរដ្ឋ ភ្ជួរដីចំការនៅចំណុចភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ។

ក្រោយប្រទះឃើញ គ្រាប់យុទ្ធភ័ណ្ឌទាំងនោះ ត្រូវបានសមត្ថកិច្ចនគរបាល បានផ្តល់ព័ត៌មានជូនទៅអង្គភាពកំចាត់មីនកម្ពុជា CMAC ដើម្បីចាត់ចែងតាមជំនាញ នៅពេលបន្ទាប់ហើយដែរ ៕

ដោយ ៖ សាលី

ចំណែក