ពលរដ្ឋ ប្រទះឃើញគ្រាប់មីនជាង១០គ្រាប់ នៅក្នុងដីចំការ មួយកន្លែង នៃស្រុករតនមណ្ឌល

92

បាត់ដំបង ៖ គ្រាប់មីនជាង១០គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងដីចំការមួយកន្លែង ស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវ​មាស​ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ។ 

លោកវរសេនីយ៍ឯក សន និល​ អ​ធិ​ការនគរបាលស្រុករតនមណ្ឌល​ បានអោយដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ញៀ ហឿន​ ភេទប្រុ​ស​ អាយុ៥៩ឆ្នាំរស់នៅភូមិជីប៉ាង ឃុំផ្លូវ​មាស ស្រុករតនមណ្ឌល ដែលរូបគាត់បាន​ប្រទះឃើញ​ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​(គ្រាប់មីន​ប្រភេ​ទ​72A)​ឬហៅថាមីនស្គរ ឬមីនសញ្ញាលេខបូក នៅក្នុងដីចំការរបស់គាត់មួយកន្លែង ក្នុងខណៈ​ដែលរូបគាត់បានទៅភ្ជួរដីធ្វើចំការនៅទីនោះ ។ លោកបានចុះទៅដល់ចំណុចទីតាំងខាងលើនោះ​ដោយបានពិនិត្យឃើញជាក់ស្តែង​ និងប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​(គ្រាប់មីន​ប្រភេ​ទ​72A)​ ឬហៅថាមីនស្គរ ឬមីនសញ្ញាលេខបូក សរុបចំនួន ១២គ្រាប់ រួចមកបានផ្តល់ព័ត៌មានបន្តជូនទៅអង្គភាពកំចាត់មីនកម្ពុជា​CM​AC​ ដើម្បីជ្រាប និងចុះមកចាត់ចែង​តាមជំនាញនៅ​ពេ​ល​បន្ទាប់ ។

លោកអធិការបានបញ្ជាក់ថា​ នៅចំណុចភូមិជីប៉ាង ឃុំផ្លូវ​មាស​ ស្រុក​រតនមណ្ឌល​ ដែលពលរដ្ឋប្រទះឃើញយុទ្ធភ័ណ្ឌកប់នៅក្នុងដីពេល​នេះ គឺជា ចំ​ណុចក្តៅមួយក្នុងចំណោមចំណុចក្តៅផ្សេងទៀ​ត​ ដែលមានបង្កប់ដោយយុទ្ធភ័ណ្ឌសេសស​ល់​​ពីសម័យសង្រ្គាម​ ហើយជារឿយៗ ប្រជាពល​រដ្ឋតែងប្រទះឃើញយុទ្ធភ័ណ្ឌទាំងនេះ​ នៅពេលគាត់កាប់គាស់ភ្ជួរដី បង្កបង្កើនផល​ ។

លោកបន្តថា​ ដោយអនុវត្តតាមមតិណែនាំរបស់លោកស្នងការ​ សមត្ថកិច្ចរបស់លោកតែងតែចលនាបំផុស ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន គ្រប់ពេលដែលពួកគាត់បាន​ប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ចនគរបាល ឬអាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការដោះស្រាយភ្លាមៗ​ ហើយបើទោះជាបែបនេះក្តី យូរៗម្តង យុទ្ធភ័ណ្ឌទាំងនេះបានបង្កឱ្យប្រជាពលរដ្ឋ រងគ្រោះថ្នាក់​ តាមរយៈការភ្ជួរដី ឬបាន​ប៉ះពាល់ដោយខ្វះការប្រុងប្រយ័ត្នផងដែរ ៕ 

ដោយ ៖ សាលី

ចំណែក