អគារអភិរក្សរបស់រដ្ឋមួយកន្លែងត្រូវបានកែប្រែជាសារមន្ទីរធនាគាជាតិលើកដំបូងលើទឹកដីខេត្តបាត់ដំបង

ខេត្តបាត់ដំបង! ដោយសារការវិវឌ្ឍន៍លើផ្នែកហិរញ្ញវត្ថុនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាក្របខ័ណ្ឌទូទាំងប្រទេស ថ្មីៗនេះរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យធនាគាជាតិនៃកម្ពុជារៀបចំកសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនៅលើទឹកដីខេត្តបាត់ដំបងជាផ្លូវការលើកដំបូងទុកសម្រាប់ជាមជ្ឍមណ្ឌលឯកសាររូបិយវត្ថុជាតិប្រចាំតំបន់ពាយព្យ និងជាកេរ្តិ៍ដំណែលដល់កូនចៅអ្នកជំនាន់ក្រោយបានស្គាល់ សិក្សាស្វែងយល់។

លោក ជា សុធន ប្រធានធនាគារជាតិនៃកម្ពុជា សាខាខេត្តបាត់ដំបងបានអោយដឹងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះថា÷ ការបង្កើតឡើងនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាសាខាខេត្តបាត់ដំបងនេះ បានបញ្ជាក់ពីការអភិវឌ្ឍន៍ប្រព័ន្ធសេដ្ឋកិច្ច និងរូបិយប័ណ្ណ ដែលដើរតួរយ៉ាងសំខាន់របស់ខេត្តក្នុងរយ:ពេលជិត ២០០០ឆ្នាំ ពិសេសជាការស្តារឡើងវិញនូវរូបិយវត្ថុ និងចំណេះដឹងផ្នែកសេដ្ឋកិច្ចក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាការប្រមូលឯកសារ រូបភាព រូបិយវត្ថុបុរាណ ទុកជាភស្តុតាង ព្រមទាំងផ្តល់ជាទីកន្លែងផ្តល់ចំណេះដឹងថ្មីមួយទៀតមានលក្ខណ:ទំនើបកម្ម សម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ សិស្ស និស្សិត សិក្សាស្រាវជ្រាវផងដែរ។

លោកបានបញ្ជាក់ទៀតថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាសាខាខេត្តបាត់ដំបង ជាមណ្ឌលឯកសាររូបិយវត្ថុជាតិទី២ បន្ទាប់ពីទីក្រុងភ្នំពេញ មានទីតាំងជាអគារបុរាណសម័យអាណានិគម ឋិតនៅតាមកំណាត់ផ្លូវលេខ០១ ក្នុងភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

CATEGORIES
Share This