រដ្ឋបាលក្រុងបាត់ដំបងបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងជាមួយប្រជាពលរដ្ឋ ស្តីពីកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវារដ្ឋបាល

ខេត្តបាត់ដំបង! ថ្លែងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងបាត់ដំបងជាមួយប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ លោក ធុច រ៉ា តំណាងអោយលោក ប៉ែន ហាប់ ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង បានលើកឡើងថា ឆ្លងតាមរយះវេទិកាដែលបានរៀបចំដំណើរការអស់រយះពេលមួយព្រឹកនេះ និងត្រូវបានបញ្ចប់សព្វគ្រប់ទៅតាមកម្មវីធីដែលបានគ្រោងទុក ហើយក្នុងនោះមានបងប្អូនប្រជាពលរដ្ឋបានចូលរួមសហការ និងមានស្មារតីចូលរួមក្នុងការបញ្ចេញមតិយោបល់ក្នុងន័យស្ថាបនាដោយលើកឡើងពីបញ្ហាកង្វល់ សំណូមពរ និងបញ្ហាប្រឈមជាច្រើនដែលអង្គវេទិកាបានផ្តោតឡើងទៅលើគោលបំណង គោលដៅ ប្រធានបទ ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវារដ្ឋបាលក្នុងដែនសមត្ថកិច្ច។

មតិដែលបានលើកឡើងគឺជាការបង្កើននូវប្រសិទ្ធភាពការងារក្នុងការផ្តល់សេវារដ្ឋបាល សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន ក៏ដូចជាធ្វើអោយរដ្ឋបាលក្រុងរៀបចំគោលការណ៍ដំណោះស្រាយ កែលំអ នូវប្រព័ន្ធអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ធានាដើម្បីបង្កើននិងជម្រុញការងារប្រកបដោយជ័យភាព រួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានក្នុងក្រុងបាត់ដំបង។

លោកបន្តថា! អង្គវេទិកាដ៏មានសារៈសំខាន់នេះបានបង្កប់នូវអត្ថន័យ នៃពាក្យគន្លឹះចំនួន២រួមមាន ការផ្សព្វផ្សាយលទ្ធផលការងារ និងការពិគ្រោះយោបល់  ហើយតាមរយៈនៃការផ្សព្វផ្សាយនេះ រដ្ឋបាលក្រុងបាត់ដំបងបានផ្តល់ព័ត៌មានពីវឌ្ឍនភាពនៃការរីកចម្រើនសមិទ្ធផលនានាដែលរដ្ឋបាលក្រុងបានសម្រេច និងទិសដៅផែនការអនុវត្តបន្ត ព្រមទាំងរៀបចំប្រធានបទសម្រាប់ធ្វើការពិភាក្សា ពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធព្រមទាំងអ្នកចូលរួមក្នុងអង្គវេទិកា រកឃើញនូវបណ្តាអទិភាពសំខាន់ៗសម្រាប់អោយរដ្ឋបាលក្រុងយកទៅពិចារណាក្នុងការអនុវត្តបន្តដើម្បីលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាពជាងមុន និងផ្តល់ជាមតិយោបល់ត្រូវធ្វើយ៉ាងដូចម្តេចដើម្បីលើកកម្ពស់និងពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ បណ្តាសហគមន៍ សហការការងារបានផលល្អជាមួយរដ្ឋបាលក្រុង ក៏ដូចជាការពង្រឹងយន្តការតាមដានត្រួតពិនិត្យប្រកបដោយតម្លាភាព គណនេយ្យភាព ជាមួយនឹងប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិអោយកាន់តែស៊ីជម្រៅ មានតម្លាភាពទូលំទូលាយថែមទៀត។

ដំណើរការនៃអង្គវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងបាត់ដំបង បានប្រព្រឹត្តទៅមានភាពរលូននិងបានផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានបញ្ចេញមតិដោយលើកឡើងជាសំណួរ សេចក្តីត្រូវការ អ្វីដែលជាកង្វល់បានបញ្ចេញជាមតិដើម្បីស្ថាបនាថ្នាក់មូលដ្ឋានក្រុង សង្កាត់ប្រកបដោយខ្លឹមសារល្អប្រសើរមាន៩សំណួររួមមាន! សំណួរដោយផ្ទាល់មាត់ចំនួន៤សំណួរ និងសំណួរតាមក្រដាសចំនួន៥សំណួរ ហើយក្នុងនាមក្រុមប្រឹក្សាក្រុង រដ្ឋបាលក្រុង ក៏ដូចជាវាគ្មិន បានឆ្លើយបំភ្លឺនិងធ្វើការបកស្រាយជូនម្ចាស់សំណួរបានចំនួន៩សំណួរ ចំពោះសំណួរដែលនៅសេសសល់មួយចំនួនទៀតដែលជាតម្រូវការអោយក្រុមការងារធ្វើការពិនិត្យស្វែងយល់រកដំណោះស្រាយសមស្របទៅតាមគោលការណ៍ដឹកនាំរបស់រដ្ឋបាលក្រុងបាត់ដំបង បំភ្លឺឆ្លើយតបតាមរយៈក្រុមប្រឹក្សាក្រុង ឬតាមយន្តការនៃក្រុមការងារជំនាញវិស័យផ្តល់ព័ត៌មានតាមដំណាក់កាលនៃពេលវេលាសមស្របណាមួយ។

CATEGORIES
Share This