កងពលតូចថ្មើរជើងលេខ៥១ ត្រៀមខ្លួនជាស្រេច ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយផ្សេងៗ

បន្ទាយមានជ័យ ៖ តាមរយៈ ការអញ្ជើញចុះ ត្រួតពិនិត្យ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សឹង្ហ  ទុំ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឃើញថា កម្លាំងបានត្រៀមខ្លួនជាស្រេច ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយផ្សេងៗ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ។

ក្នុងដំណើរចុះត្រួតពិនិត្យនេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ  ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានផ្សព្វផ្សាយអំពីស្ថានភាពធាតុអាកាស ដែលបាននិងកំពុងកើតមានឡើង ក្នុងរយៈពេលដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នេះ ។ ក្នុងនោះលោកបាន ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ដើម្បីត្រៀមខ្លួន ត្រៀមមធ្យោបាយ និងសម្ភារៈ តាមផែនការ ដើម្បីធានាការអនុវត្ត តាមបទបញ្ជារបស់ថ្នាក់លើ ក្នុងការបម្រើ និងជួយសង្គ្រោះប្រជាជនបានទាន់ពេលវេលា ។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងពល បានអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់កងកម្លាំងទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩   ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣ការពារ និង ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ៕

CATEGORIES
Share This