ពិធីបញ្ចុះបឋមសិលាសាងសងអគារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានប្រារព្វពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសងអគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា គណៈកម្មាធិការសាខា អនុសាខា មន្ត្រីរាជការ អង្កភាពជុំវិញស្រុក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធជាតិកម្ពុជា យុវជនសសរក អ្នកស្មគ្រ័ចិត្តកាកបាទក្រហមកម្ពុជា សរុប ៣៥០នាក់ ។

យោងតាមរបាយការណ៍លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាស្រុកបាណន់ បានឲ្យដឹងថាអគារស្នាក់ការអនុសាខានេះមានទីតាំងនៅភូមិ បាណន់ ឃុំ កន្ទឺ ២ ស្រុកបាណន់ ខេត្តបាត់ដំបង
១-ទំហំអគារ ១២ម៉ែត្រ X១៤ ម៉ែត្រប្រកក្បឿងសេរ៉ាមិច មានបន្ទប់ធ្វើការ១ សាលប្រជុំ១ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ដាក់ឯកសារនិងសម្ភារ១ បន្ទុប់ទឹក២ ព្រមទាំងតបណ្តាញអគ្គិសនី បំពាក់អំពូល កង្ហារ ខ្លោងទ្វា របង ដងទងជាតិ ឃ្លាំងដាក់សម្ភារៈដាច់ដោយឡែកមានទំហំ ៦ម៉ែត្រ X១២ម៉ែត្រ បន្ទប់ទឹកដាច់ដោយឡែកទំហំ៣ម៉ែត្រX៤ម៉ែត្រ នឹងដំណើរការសាងសង់ជាដំណាក់កាលបន្តបន្ទាប់អស់រយៈពេល ៦ ខែចាំពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ រហូតរួចជាស្ថាពរនៅថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៣ដោយចំណាយថវិការអស់ប្រមាណ ៧២,០០០ ដុល្លារ ដែលជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិតសុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានកិត្តិយស សាខានិងលោកជំទាវ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍និងជាអនុប្រធានកិត្តិយសសាខានិងលោកជំទាវព្រមទាំងមានការចូលរួមពីសប្បុរសជនគ្រប់ទិសទី ដែលជាទឹកចិត្តមនុស្សធម៌មិនអាចកាត់ថ្លៃបាន។
ថ្លែងក្នុងឱកាសនោះដែលឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្តបានគូសបញ្ជក់ថាៈសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាន ដើរតួនាទីយ៉ាងសំខាន់ជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងការងារមនុស្សធម៍ ដោយ ផ្តល់ការជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដូចជាៈ អ្នករងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ,អគ្គិភ័យ ,អ្នកកំពុងរស់នៅជាមួយមេរោគអេដស៍ ,អ្នកផ្ទុកមេរោគអេដស៍ ,កុមារកំព្រា ,ចាស់ជរាគ្មានទីពឹងបានទាន់ពេលវេលា ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តការងាររបស់ខ្ជួននៅទូទាំងប្រទេសនិយាយជារួម និងនិយាយដោយឡែកនៅខេត្តបាត់ដំបង និងអនុសាខាក្រុងស្រុកទាំង១៤ បានយ៉ាងសកម្មផុលផុសដោយប្រកាន់ខ្ជាប់ នូវគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាក៏បានឱ្យដឹងថា អគារទីសា្នក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ដែលបានរៀបចំពិធីបញ្ចុះបឋមសិលានាពេលនេះគឺជាសមិទ្ធិផលទី២ បន្ទាប់ពីអគារអនុសាខាស្រុកកំរៀង សម្រាប់អាណត្តិទី៥ នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ម្យ៉ាងវិញទៀតដើម្បីចូលរួមអនុវត្តន៍យុទ្ធសាស្រ្តឆ្នាំ២០២១-២០៣០សាខាខេត្តបាត់ដំបង បានចូលរួមបន្តអនុវត្តរាល់សកម្មភាពការងារវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឲ្យបានកាន់តែល្អប្រសើរ និងសកម្មផុសផុល ហើយប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុត និងជនរងគ្រោះ តាមរយៈវិស័យអាទិភាពចំនួន៤រួមមាន៖ ១- ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ២-សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤-ការអភិវឌ្ឍស្ថាប័ន ម៉្យាងទៀត ត្រូវបន្តជួយដល់ជនរងគ្រោះដោយប្រការផ្សេងៗ ជនងាយរងគ្រោះនៅតាមមូលដ្ឋានដូចជា អ្នកផ្ទុកមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ធ្វើផ្ទះជូនជនទីទ័លក្រជាដើម ។ល
ឯកឧត្តមក៏បានបញ្ជាក់ដែរថាកាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាខេត្ត គឺមានប្រភពចំណូលពីសប្បុរសជនតាមរយៈ សមាជិកភាពប្រចាំឆ្នាំ និងការរៀបចំព្រឹត្តិការណ៍ ៨ ឧសភា ជាដើម មានន័យថា សកម្មភាព ទាំងអស់អាចប្រព្រឹត្តទៅបានលុះត្រាណា មានការប្តេជ្ញាចិត្ត និងលះបង់យ៉ាងខ្ពស់ ដើម្បីលើកស្ទួយចលនាមនុស្សធម៌ ពីសំណាក់ មន្រ្តីរាជការ កងកម្លាំង ក្រុមហ៊ុនឯកជន អាជីវករប្រជាពលរដ្ឋ មានការចែករលែក ជាមួយកាកបាទក្រហមទើបកាកបាទក្រហមអាចជួយប្រជាពលរដ្ឋងាយរងគ្រោះនានាបាន។ ឯកឧត្តមបានសង្ឃឹមយ៉ាងមុតមាំ ក៏ដូចជាជំរុញដល់សមាជិកសមាជិកាអនុសាខាកាកបាទក្រហមស្រុកទាំងអស់បន្តចូលរួមលើការងារនេះឲ្យកាន់តែខ្លាំងក្លាទ្វេឡើងថែមទៀត បន្ទាប់ពីអគារយ៉ាងថ្មីប្រណិតមួយខ្នងនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខ ។

CATEGORIES
Share This