Connect with us

ព័ត៌មានជាតិ

ទឹកស្ទឹងសែនខេត្តព្រះវិហារ ហក់ឡើងលើសកម្រិតប្រកាសអាសន្ន អាជ្ញាធរប្រកាសឱ្យប្រុងប្រយ័ត្ន និងរកទីទួលសុវត្ថិភាព

ព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ ​ចេញសេចក្ដីប្រកាស​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋដែលកំពុងរស់​នៅ​តាមដងស្ទឹងសែន ​មាត់ទន្លេមេគង្គ និងបងប្អូនដែលកំពុងរស់នៅតំបន់ងាយរងគ្រោះ សូមប្រុងប្រយ័ត្ន និងរកទីទួលសុវត្ថិភាព ខណៈទឹកស្ទឹងសែនខេត្តព្រះវិហារ ហក់ឡើងលើសកម្រិតប្រកាសអាសន្ន ។

បើ​យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាព​អាកាស​ធាតុជ្រលង​សម្ពាធទាបឥណ្ឌា​ នឹងរំកិលចុះមកជាមួយនឹងសម្ពាធ(ITCZ) ដែលអូសបន្លាយនៅភាគ​ខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបស្ថិតនៅ​ក្នុងសមុទ្រចិន​ខាងត្បូង និងរបបខ្យល់មូសុងនិរតីកម្រិតកម្ពស់មធ្យមទៅបង្គួរ ។

ស្ថានភាពបែបនេះ បានធ្វើឲ្យខេត្តព្រះវិហារ ទទួលរងភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដែលធ្វើអោយទឹកស្ទឹងសែនហក់ឡើងខ្លាំង លើសពីកម្រិតប្រកាសអាសន្នទៅទៀត ដែលគិតត្រឹមថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២២ នេះស្ទឹងសែនមានកម្ពស់ ១១.៦០ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន០.១០ម៉ែត្រ។

ដូច្នេះដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋ​ក្នុង​ខេត្តទាំងអស់ ពិសេសបងប្អូនដែលកំពុងរស់នៅតាមដងស្ទឹងសែន ​មាត់ទន្លេមេគង្គ និងបងប្អូនរស់នៅតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មេត្តា​ប្រុងប្រយ័ត្ន និងស្វែងរក​ទីទួល​មានសុវត្ថិភាពដែលនៅជិត ជៀសវាងកើតមាននូវគ្រោះថ្នាក់ផ្សេងៗ។

ក្នុងករណីបងប្អូនដែលជួបគ្រោះថ្នាក់ទឹកជំនន់សូមមេត្តារាយការណ៍ និងផ្ដល់ព័ត៌មាន​ឲ្យបាន​ឆាប់​បំផុតដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីមានលទ្ធភាពចាត់វិធាន​ការដោះស្រាយ ការពារ និងសង្គ្រោះអោយបានទាន់ពេលវេលា៕