៥ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានវិនិយោគលើវិស័យសំណង់មានទុនសរុប ៣១ ៤៨៤ លានដុល្លារអាម៉េរិក

ភ្នំពេញ៖ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការវិនិយោគលើវិស័យសំណង់ មានចំនួនប្រមាណជាង ១៩ ពាន់គម្រោង លើផ្ទៃក្រឡាសំណង់ជាង ៧១ លានម៉ែត្រការ៉េ និងមានទុនវិនិយោគលើវិស័យនេះប្រមាណជា ៣១ ៤៨៤ លានដុល្លារអាម៉េរិក ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញរបាយការណ៍ អំពីសមិទ្ធផលសម្រេច​បានរយៈពេល ៥ឆ្នាំ កន្លងមក នៅក្នុងវិស័យសំណង់ ក្នុងនោះការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យ​សំណង់ទាំងក្នុងស្រុក​ និងពីក្រៅប្រទេស​ មានសន្ទុះខ្លាំងក្លា និងបានរួមចំណែកដ៏សំខាន់ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ចជាតិ។ ​ជាក់ស្តែងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ការវិនិយោគក្នុងវិស័យ​សំណង់សម្រេចបាន ១៩ ៣២២ គម្រោង លើផ្ទៃក្រឡាសំណង់ជាង ៧១ លានម៉ែត្រការ៉េ និង​មានទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៣១ ៤៨៤ លានដុល្លារអាម៉េរិក ក្នុងនោះ​នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២២ ការវិនិយោគលើវិស័យនេះ ​មានចំនួន ២ ០០០ គម្រោង លើផ្ទៃក្រឡាសំណង់ប្រមាណជាង ២,៨ លានម៉ែត្រការ៉េ ​និងមានទុនវិនិយោគ ១ ២០៦ លានដុល្លារអាមេរិក។

ជុំវិញការអភិវឌ្ឍន៍វិស័យសំណង់នេះ បើគិតពីចាប់ផ្តើមអនុវត្តឆ្នាំ ២០០០ ដល់រយៈពេល ៦ ខែ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់នៅ​ទូទាំង​ប្រទេសចំនួនជាង ៥៧ ពាន់គម្រោង ​លើផ្ទៃក្រឡាសំណង់សរុបចំនួនជាង ១៦៦ លានម៉ែត្រការ៉េ និងមានទុនវិនិយោគសរុបប្រមាណ ៦៦ ២០៥ លានដុល្លារអាម៉េរិក ក្នុងនោះ​ការអភិវឌ្ឍគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង ​នៅទូទាំងប្រទេស មានចំនួន ២ ៤៧២ អគារ គម្រោងបុរីលំនៅឋាន​ និងបណ្តុំលំនៅឋាន មានលក្ខណៈជាបុរីមានចំនួន ៤៨២ គម្រោង។

ចំណែកការផ្ដល់វិញ្ញាបនបត្រប្រកបវិជ្ជាជីវៈសិក្សាគម្រោងប្លង់ដល់អ្នកវិជ្ជាជីវៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញវិញ្ញាបនបត្រជូនដល់អ្នកប្រកបវិជ្ជាជីវៈ ​មានចំនួន ៥៤២រូប ក្នុងនោះមានស្ថាបត្យករ ២៧០ រូប (សញ្ជាតិបរទេស ៥ រូប) ​និងវិស្វករ ២៧២រូប (វិស្វករសញ្ជាតិបរទេស ៦រូប) និងបានផ្តល់អាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់ ចំនួន ៣ ក្រុមហ៊ុន។

សូមបញ្ជាក់ថា ពាក់ព័ន្ធវិស័យសេវាកម្ម នៅក្នុងឆមាសទី ១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប៉ាន់ស្មានថា ​នឹងសម្រេចបានកំណើនក្នុងអត្រា ៤,% ក្នុងនោះអនុវិស័យអចលនទ្រព្យ ត្រូវបានប៉ាន់ស្មានថា ​នឹងបន្តនិន្នាការកើនឡើង ប៉ុន្តែក្នុងល្បឿនយឺត ក្នុងអត្រា ២,% ដោយសារការបន្តថមថយសកម្មភាពទិញលក់អចលនទ្រព្យថ្លៃខ្ពស់​ ពិសេសខុនដូ និងអាផាតមិន ខណៈដែលសកម្មភាពទិញលក់/ជួលអចលនទ្រព្យថ្លៃទាប ​និងមធ្យម ជាពិសេសលំនៅឋាន រំពឹងថា នឹងបន្តសកម្មភាព៕

CATEGORIES
Share This