Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ២គ្រួសារ (ស្មើនឹង ១ខ្នងផ្ទះ) នៅស្ថិតឃុំចែងមាន ទទួលអំណោយមនុស្សធម៌ជួយសម្រាលការលំបាកពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់

ខេត្តបាត់ដំបង៖ព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២២នេះសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធាន បានសម្តែងការសោកស្តាយ និងបានចាត់អោយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ដឹកនាំដោយ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខានិងសហការីនាំយក អំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនដល់បងប្អូនពលរដ្ឋ ចំនួន ២គ្រួសារ (ស្មើនឹង ១ខ្នងផ្ទះ) ដែលទទួលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី២០ខែសីហា ឆ្នាំ២០២២មូលហេតុបណ្តាលមកពីកូនបង្កើតដែលជាមនុស្សញៀនថ្នាំបានដុតបំផ្លាញផ្ទះខ្លួនឯង ដែលធ្វើអំពីឈើថ្មក្រោមដំបូលប្រក់សង្ក័សីជញ្ជាំងឈើមានបណ្តោយ(៨mx១២m)បណ្តាលអោយខូចខាតទាំងស្រុងស្ថិតនៅចំណុចកែងផ្លូវចូលភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ថ្លែងទៅកាន់ពលរដ្ឋទាំង២គ្រួសារ លោក ស្រេង សុខា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើត ឡើងដោយ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ។

លោកប្រធានគណៈកម្មាធិការអនុសាខា បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានស្តីពីគ្រោះអគ្គិភ័យភ្លាម ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា និងជាអភិបាលខេត្ត បានណែនាំឱ្យក្រុមការងារអនុសាខានាំយកអំណោយមកផ្តល់ជូនគ្រួសាររងគ្រោះទាំងអស់ឱ្យបានភ្លាមៗ ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនឱ្យបានទាន់ពេលវេលា និងជាសក្ខីភាពក្នុងការចូលរួមចំណែកសុខនិងទុក្ខជាមួយបងប្អូនទាំងអស់ផងដែរ»។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានអនុសាខា ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការអុជធូប អុជទៀន ការប្រើប្រាស់ចង្ក្រានហ្គាស ឬចង្ក្រានអគ្គិសនី ដែលអាចបង្កឡើងជាឧបទ្ទវហេតុដែលនឹកស្មានមិនដល់។

ទន្ទឹមនឹងនេះ ក៏សូមប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុនេះក៏បង្កឡើងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើមផងដែរ។ ជាមួយគ្នានេះ បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាយើងមានលក្ខណៈធូរស្រាយក៏ដោយ ក៏សូមប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ជំងឺនេះ ដោយចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ឬដូសទី៥ ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចទប់ស្កាត់ការរីករាលដាល និងការពារអាយុជីវិតរបស់យើងបាន ជាពិសេសអាចបើកឱកាសឱ្យយើងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

គ្រួសាររងគ្រោះទាំង២គ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន ៖អង្ករ ៥០គីឡូក្រាម ,មី ២ កេស,ត្រីខ២យូរ
សំពត់តង់ទំហំ ៥X៦ចំនួន ១ សន្លឹក,ធុងទឹកចំណុះ៥០លីត្រ១ ,មុង១,ភួយ២,សារុង ២ -កាដងទឹក ១
និងថវិកាចំនួន ១០០ ០០០រៀលផងដែរ