អាជ្ញាធរខេត្តប៉ៃលិន ចាត់ឱ្យមន្ទីរធនធានទឹក និងឧត្តុនិយម ត្រៀមជាស្រេចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងទប់ស្កាត់មិនឱ្យជំនន់លិចលង់លំនៅឋានប្រជាពលរដ្ឋ

ខេត្តប៉ៃលិន ៖ គិតត្រឹមព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ទោះបីជាមានការភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃ គេសង្កេតឃើញនៅទូទាំងខេត្តប៉ៃលិន មិនមានបញ្ហាជំនន់ទឹកភ្លៀងកើតឡើងបន្តទៀតនោះទេ ដោយមានករណីគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះតែម្តងគត់ ខណ:ដែលអាជ្ញាធរខេត្តប៉ៃលិន បានត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហាទឹកជំនន់ដែលកើតឡើង។ ទោះបីជាយ៉ាងណារដ្ឋបាលខេត្ត ក៏បានបញ្ជាឱ្យខាងមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ត្រៀមខ្លួនជាស្រេចនូវឧបករណ៍គ្រឿងចក្រ ដើម្បីជីកកកាយស្តារប្រឡាយបង្ហូរទឹក ឱ្យហូរធ្លាក់ចុះទៅផ្នែកខាងក្រោមកាន់តែលឿនជៀសវាងស្ទះប្រព័ន្ធផ្លូវទឹកតាមអូរ ឬប្រឡាយផ្នែកខាងក្រោមផងដែរ។

បើតាមការរៀបរាប់ពីលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តប៉ៃលិន បានបញ្ជាក់ឱ្យដឹងថា ៖ រហូតមកដល់ពេលនេះ សម្រាប់ខេត្តប៉ៃលិន គឺមានករណីគ្រោះធម្មជាតិជំនន់ទឹកភ្លៀងតែម្តងគត់ កាលពីវេលាយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២កន្លងទៅ លុះចាប់តាំងពីថ្ងៃទី១២ ខែសីហា ភ្លៀងមិនសូវធ្លាក់ច្រើនប៉ុន្មាននោះទេ ពោលគឺមិនអាចបង្កទៅជាជំនន់លិចលង់លំនៅឋានប្រជា ពលរដ្ឋនោះឡើយ ហើយខាងលោកកំពុងតែចាត់ឱ្យមន្រ្តីក្រោមឱវាទ តាមដានមើលស្ថានភាពទឹកភ្លៀង ជាពិសេសពិនិត្យមើលនៅតាមដងស្ទឹងបរយ៉ាខា ស្ទឹងកុយ និងស្ទឹងកំរៀងខេត្តបាត់ដំបង ជាប់នឹងខេត្តប៉ៃលិនថែមទៀត។ លោកបន្តទៀតថា វិធានការទី១. គឺតាមដានពីកម្រិតទឹកភ្លៀង នៅតាមដងស្ទឹងទាំង៣ខាងលើ ទី២. នៅពេលឃើញទឹកឡើងខ្ពស់ ខាងលោកនឹងរាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ក៏ដូចជារដ្ឋមន្រ្តីក្រសួងធនធានទឹក ក្នុងករណីចាំបាច់ គឺនឹងយកឧបករណ៍គ្រឿងចក្រ ដែលបានត្រៀមរួចរាល់ជាស្រេច ដើម្បីចុះទៅជួយដល់ប្រជាពលរងគ្រោះរដ្ឋតែម្តង។ លោកបញ្ជាក់បន្ថែមថា ក្នុងករណីភ្លៀងធ្លាក់ច្រើន ខាងលោកក៏តែងតែបើកចំហរទ្វារទឹកទាំងអស់នៅស្រុកសាលាក្រៅ ឱ្យទឹកហូរចុះទៅផ្នែកខាងក្រោមឱ្យបានលឿន ដើម្បីកុំឱ្យរាំងស្ទះប្រព័ន្ធទឹក ដែលកំពុងតែហូរពីក្រុងប៉ៃលិនផ្នែកខាងលើចុះទៅស្រុកសាលាក្រៅ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តបានវាយតម្លៃអំពីផលប៉ះពាល់ និងខូចខាតផលដំណាំរបស់ប្រជាកសិករ ដោយសារជំនន់ទឹកភ្លៀង នៅស្រុកសាលាក្រៅ ក្នុងនោះមាន ទី១. ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដំណាំពោតក្រហម ប៉ះពាល់៩ហិកតា ដំឡូងមីប៉ះពាល់១០ហិកតា បន្លែប៉ះពាល់១ហិតា ស្រូវវស្សាប៉ះពាល់៩ហិកតា ទី២. ភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ដំណាំពោតក្រហម ប៉ះពាល់១០ហិកតា ដំឡូងមី ប៉ះពាល់១០ហិកតា ទី៣. ភូមិទំនប់ ឃុំស្ទឹងត្រង់ ពោតក្រហម ខូចទាំងស្រុង១០.៥ហិកតា ដំឡូងមីខូចទាំងស្រុង២ហិកតា បន្លែខូចទាំងស្រុង០.៥ហិកតា។ ប្រភពបន្តទៀតថា សរុបរួមការរងផលប៉ះពាល់ចំនួន៤៩ហិកតា ហើយខូចខាតទាំងស្រុង អស់ចំនួន១៣ហិកតា៕

CATEGORIES
Share This