យុវជនពីរនាក់ជិះក្បូនឆ្លងអូរទឹកហូរខ្លាំងបណ្តាលអោយក្រឡាប់លិចបាត់ខ្លួនម្នាក់

ខេត្តបាត់ដំបង! យុវជនពីរនាក់បានជិះក្បូនឆ្លងអូរខណៈទឹកកំពុងហូរខ្លាំងក៏បណ្តាលអោយក្រឡាប់លិចបាត់ខ្លួនម្នាក់កាលពីព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ នៅចំណុចស្ពានយោលតាតោក ស្ថិតក្នុងភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

យុវជនរងគ្រោះមាន ឈ្មោះ វុធ វង់ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ដែលនៅព្រឹកកើតហេតុជនរងគ្រោះជាមួយមិត្តភក្តិម្នាក់ទៀតបានឆ្លងអូរដោយជិះក្បូនដូចទំលាប់ចាស់ ប៉ុន្តែចៃដន្យលើកចុងក្រោយនេះខណ:កំពុងឆ្លងស្រាប់តែកម្លាំងទឹកហូរខ្លាំងបានកួចក្បូនបណ្តាលឲ្យក្រឡាប់ហើយអំណាចទឹកដែលកំពុងហូរយ៉ាងលឿននេះបានកួចនាំយកយុវជនរងគ្រោះលិចបាត់តែម្តង ចំណែកឯម្នាក់ទៀតដែលរួមដំណើរជាមួយគ្នាបានពុះពារហែលដល់ត្រើយផុតពីការគ្រោះថ្នាក់។

លោក ម៉ែន រីម អធិការស្រុកសំឡូត បានឲ្យដឹងថា÷ ក្រោយការលិចបាត់មនុស្សនេះកងកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់បាននាំគ្នាតាមរុករកអស់ច្រើនម៉ោង រហូតដល់វេលាម៉ោងជាង ០៤ ថ្ងៃដដែលទើបរកសាកសពឃើញនៅចម្ងាយពីកន្លែងទឹកកួចប្រមាណជាង ១គីឡូម៉ែត្រនៅផ្នែកខាងក្រោម។

ក្រោយពីស្រង់ពិនិត្យជាក់ស្តែងរួច សពយុវជនរងគ្រោះខាងលើត្រូវបានប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី។

CATEGORIES
Share This