ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍

បាត់ដំបង ៖នៅព្រឹកថ្ងៃ ទី២០ ខែសីហា ឆ្នាំ ២០២២ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដឹកនាំដោយលោក កង ប៊ន អនុប្រធានគណៈកម្មាធិការសាខាខេត្ត និងសហការីតំណាងឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដឹកនាំប្រតិភូសាខាទទួលអំណោយមនុស្សធម៌ជាទាយ្យទាន គ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗពីភិក្ខុ ឋិតមេធោ ស៊ា សុផន និងព្រះសង្ឃចំនួន ៦អង្គផ្សេងទៀតដែលគង់នៅកុដិធំ ស្ថិតនៅវត្តប្រាប្បច្ចាមិត្រហៅ វត្តក្តុល សង្កាត់ក្តុលដូនទាវ ក្រុង-ខេត្តបាត់ដំបង ។

ភិក្ខុឋិតមេធោ ស៊ា សុផន មានសង្ឃដីកាថា ព្រះអង្គនិងព្រះសង្ឃក្នុងកុដិ តែងបានចូលរួមកៀងគរអំណោយពីសប្បុរសជន ពុទ្ធបរិស័ទនានាដើម្បីយកមកជួយឧបត្ថម្ភជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះថែមទាំងបានជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជួបការលំបាកផ្សេងៗដោយផ្ទាល់ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះក្នុងនាម ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត លោក កង ប៊ន បានថ្លែងអំណរព្រះគុណដ៏ថ្លៃថ្លាចំពោះទឹកព្រះទ័យយកចិត្តទុកដាក់ខ្ពស់របស់ភិក្ខុ ឋិតមេធោ ស៊ា សុផននិងព្រះសង្ឃវត្តក្តុល ដែលតែងតែបានឧបត្ថម្ភអំណោយជាសម្ភារ និងថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងឱកាសនេះ លោកអនុប្រធានបានបញ្ចាក់ថា សកម្មភាពដ៏ថ្លៃថ្លានេះ បង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែក និងចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើរ រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបានទាន់ពេលវេលា។

អំណោយដែលសាខាទទួលបាននាពេលនេះរួមមាន ៖ អង្ករ ២០០គីឡូក្រាម ,គ្រឿងបាឡុង ៥ ឈុត ត្រី ខ ១០ យួរទឹកត្រី ៤ យួរ ទឹកស៊ីអីវ ៤ យួរនិងបច្ច័យចំនួន៧០ម៉ឺនរៀលផងដែរ ។

CATEGORIES
Share This