ដើម្បីសម្រួលជីវភាពជនចាស់ជរាដែលមានជីវភាពក្រីក្រចំនួន ៣គ្រួសារ ក្នុងភូមិនៅភូមិបុស្សស្អំ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង៖ ដើម្បីជួយសម្រួលការលំបាករបស់ទុរគតជនដែលមានជំងឺរ៉ាំរ៉ៃ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៨ខែសីហាឆ្នាំ២០២២ នេះ លោក សុង សុភ័ក្ដ្រ ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បាននាំយកអណោយមនុស្សធម៌របស់ អនុសាខាស្រុកផ្តល់ ជូនដល់គ្រួសារទុរគតជនដែលជាជនចាស់ជរាមានជីវភាពខ្វះខាត និងមាន ជំងឺរ៉ាំរ៉ៃចំនួន ៣គ្រួសារ រួមមាន៖
១-លោកតា រិត ផាត អាយុ៩៦ ឆ្នាំ និងលោកយាយ រ៉ម អឿន អាយុ ៨៦ឆ្នាំ
២-លោកយាយ ស៊ុន ហូ អាយុ៨០ឆ្នាំ ដែលមានជំងឺរ៉ាំរ៉ៃ នៅភូមិបុស្សស្អំ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខេត្តបាត់ដំបង
៣-លោកតា ម៉ៃ ឡាប អាយុ៧៧ឆ្នាំ និងលោកយាយ ឈួន ហូត អាយុ៧៩ឆ្នាំរស់នៅភូមិនៅភូមិបុស្សស្អំ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
មានមតិសំណេះសំណាលនាពេលនោះ លោក សុង សុភ័ក្ដ្រ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្តជាពិសេសពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើង និងបានឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ មិនត្រូវឱ្យពលរដ្ឋណាម្នាក់ស្លាប់បាត់បង់ជីវិតដោយសារខ្វះស្បៀងអាហារនោះទេ។
លោកប្រធានអនុសាខាស្រុក បានមានប្រសាសន៍បន្តថា” សូមឱ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ចំពោះសុខភាព ព្រោះជាក់ស្តែងនារដូវភ្លៀងមានទឹកដក់មានដង្កូវទឹកបណ្តាលឱ្យកើតជាមូសខាំដល់កូនចៅ និងក្រុមគ្រួសារយើង បណ្តាលឱ្យកើតជំងឺផ្សេងៗ ដូច្នេះត្រូវគេងក្នុងមុង ពាក់ខោអាវឱ្យបានជិតល្អ រស់នៅស្អាត បរិស្ថានល្អ និងត្រូវបន្តលាងដៃនិងសាប៊ូ ជែល ឬអាល់កុល ធ្វើយ៉ាងណាដើម្បីបង្ការកុំឱ្យកើតជំងឺឆ្លងផ្សេងៗ។ អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ៥០គីឡូក្រាម មី១កេស ទឹកផ្លែឈើ១កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ទឹកសុទ្ធ៩យួរ និងគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាមួយចំនួនផងដែរ ៕

CATEGORIES
Share This