អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤គ្រួសារនៅរស់ឃុំស្នឹង
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាកបាទក្រហមកម្ពុជាស្រុកបាណន់នឹងសហការី នាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៤គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤គ្រួសារ រស់នៅភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានរងកាប៉ះពាល់និងខូចខាតដោយខ្យល់លន្រ្តាក់កាលពីថ្ងៃទី១៥ ខែសីហា ឆ្នំា២០២២កន្លងទៅ ។
មានប្រសាសន៍នាឱកាសនោះលោក ស្រេង សុខា ប្រធានអនុសាខាស្រុក បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់ឯកឧត្ដម សុខ ផល ប្រធានកិត្តិយសសាខា ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ហើយលោកបានសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែងដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយលោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូនឡើយ តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ ។
ក្នុងឱកាសនេះដែរមន្ត្រី ក៏បានក្រើនរំឮក និងអំពាវនាវសូមឱ្យគ្រួសារទាំងអស់ត្រូវចេះការពារ កុំការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខភិបាល ៣កុំ និង៣ការពារ ខ្លួនពីជំងឺ COVID-19 (អូមីក្រុង) ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។
អំណោយមនុស្សធម៌ដែលបានផ្ដល់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤គ្រួសាររួមមាន៖ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ សង្ក័សី និងថវិកាមួយចំនួន ផងដែរ។