សាខាកាកបាទក្រហមចែកអំណោយអ្នកផ្ទុកមេរោគអេដស៍ចំនួន 15 គ្រួសារ

បន្ទាយមានជ័យ៖ ជប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍និងមានជីវភាពទីទាល់ក្រចំនួន 15 គ្រួសារក្នុងឃុំ បត់ត្រង់ ស្រុកមង្គរបូរីខេត្តបន្ទាយមានជ័យ ត្រូវបានសាខាកាកបាទក្រហមខេត្តដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមនិងលោកជំទាវ អញ្ជើញចុះសាកសួរសុខទុក្ខនិងបាននាំយកនូវអំណោយមនុស្សធម៌ មកផ្ដល់ជូនដោយផ្ទាល់ដើម្បីជួយសម្រាលទុក្ខលំបាកបានមួយគ្រា នាព្រឹកថ្ងៃទី 17 ខែសីហាឆ្នាំ 2022។

ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍លើកឡើងថា ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ 01 ធ្នូ ដែលព្រះរាជាណាចក្រកម្ពុជាបានកំណត់ប្រធានបទ ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ជំងឺអេដស៍ ដែលប្រធានបទនេះបានកំណត់ឡើងមានគោលបំណងគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅបញ្ចប់បញ្ហាអេដស៍នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ 2025។ ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍បន្តថា ក្នុងចំណោមបងប្អូនដែលកំពុងផ្ទុកនូវមេរោគអេដស៍ សូមកុំមានការព្រួយបារម្ភព្រោះថាក្រុមគ្រូពេទ្យនៅតែបន្តផ្ដល់ថ្នាំ ពន្យារនិងផ្ដល់ឱសថប្រឆាំងមេរោគអេដស៍ និងសេវាថែទាំព្យាបាលជាប្រចាំដែលជាលទ្ធផលបានធ្វើអោយអត្រាមរណភាព ដោយសារជំងឺអេដស៍ធ្លាក់ចុះជារៀងរាល់ឆ្នាំ និងអត្រាចម្លងពីម្ដាយទៅកូននិងសន្ទស្សន៍នៃការរើសអើង មើលងាយអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍មានការថយចុះខ្លាំងជាទីមោទនៈ។

ជាចុងក្រោយឯកឧត្តម អ៊ុ រាត្រី ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនទាំងអស់ទៅទទួលសេវាថែទាំ ពីមណ្ឌលសុខភាពឱ្យបានទៀងទាត់និងសូមជៀសវាងដាច់ខាតកុំចម្លងទៅអ្នកដទៃ និងកុំមានការខ្មាសអៀននឹងរើសអើងខ្លួនឯង ហើយត្រូវប្រញាប់រួសរាន់ទៅទទួលការប្រឹក្សានិងការព្យាបាលឱ្យបានទាន់ពេលវេលា ព្រមទាំងគោរពទៅតាមបញ្ជារបស់គ្រូពេទ្យ។ អំណោយដែលបានយកមកផ្ដល់ជូននាពេលនេះក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន 25 គីឡូក្រាម មីជាតិចំនួន 1កេស ត្រីខចំនួន 2យួរ ប្រេងឆាចំនួន 1ដប សាប៊ូម្សៅចំនួន 1ថង់ ប្រេងកូឡាចំនួន 1ប្រអប់ សារុងចំនួន 1 ស្ករសចំនួន 1ថង់ អាវយឺតចំនួន 5 អាវ ជែលលាងដៃចំនួន 4ដប ទឹកសុទ្ធចំនួន 2យួរ និងថវិកាបន្ថែមមួយចំនួន។

CATEGORIES
Share This