ឯកឧត្តម ឡុង ហាបាណា ដឹកនាំក្រុមគ្រូពេទ្យខ្មែរ-បារាំង ចុះពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋ និងចែកអំណោយមនុស្សធម៌ផងដែរ
ខេត្តបាត់ដំបង! នៅរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ឡុង ហាបាណា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំអូរដំបង១ បានដឹកនាំក្រុមគ្រូពេទ្យខ្មែរ-បារាំង តាមរយៈលោកគ្រូវេជ្ជបណ្ឌិត ឡោ គឹមសុង ដែលមានសមាគមគ្រូពេទ្យខ្មែបារាំងAMC , សមាគមSOSកុមារកម្ពុជាវគ្គនុង, សមាគមអាតនឹប ចុះពិនិត្យព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋបានចំនួន ៣៤៥គ្រួសារ ព្រមទាំងនាំយកអំណោយ និងសម្ភារៈសិក្សា ក្នុងនោះមានរបស់លោកជំទាវ ម៉ែន សំអន ផងដែរជូនដល់ប្រជាពលរដ្ឋខ្វះខាត ៥០គ្រួសារ និងសិស្សសាលា ១២៥នាក់ក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរ លោក ហែម សុភ័ក្ត្រ អភិបាលរងស្រុកសង្កែ ក្នុងនាមរដ្ឋបាលស្រុកក៏បានថ្លែងអំណរគុណចំពោះក្រុមការងារដែលបានយកចិត្តទុកដាក់ចែករំលែកដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងសូមជូនពរអោយក្រុមការងារទាំងអស់មានសុខភាពល្អ និងជៀសផុតពីជំងឺកូវីដ១៩ផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ឡុង ហាបាណា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំអូរដំបង១ ឯកឧត្តមក៏បានពាំនាំនូវពាក្យនឹករលឹកពីឯកឧត្តម សុខ វាសនា ប្រធានក្រុមយុវជនអភិវឌ្ឍខេត្តបាត់ដំបង ដែលបានតាមជួយតំនប់បម្រុងនៅពេលដែលបងប្អូនបញ្ហាឬខ្វះខាតផ្សេងៗ និងសូមអោយបងប្អូនជួយបន្តអនុវត្តគោរពទៅលើចំណុច ៣កុំ ៣ការពារ ដើម្បីជៀសវាងនូវជំងឺកូវីដ១៩ ដែលមិនទាន់បាត់រលត់នៅឡើយ។
បន្ថែមពីនេះឯកឧត្តមក៏បានលើកឡើងអំពីគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលក្នុងនោះលោកបានផ្តោតសំខាន់ទៅលើការជួញដូរមនុស្ស និងចង់អោយបងប្អូនមានការងារធ្វើល្អស្របច្បាប់ ជៀសវាងការធ្វើការចំណាក់ស្រុកខុសច្បាប់ទៅប្រទេសផ្សេងដែលធ្វើអោយមានការជួញដូរមនុស្សខុសច្បាប់នោះ ជាពិសេសបញ្ហាគ្រឿងញៀន សូមអោយបងប្អូនជួយសហការនៅពេលឃើញចំណុចណា កន្លែងណាមានការប្រើប្រាស់ឬជួញដូរ សូមផ្ដល់ព័ត៌មានទៅកាន់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធដែលនៅក្នុងមូលដ្ឋានយើងភ្លាមដើម្បីអោយពួកគាត់ចុះអនុវត្តចាត់វិធានការតាមផ្លូវច្បាប់។