កសិករត្អូញត្អែរតម្លៃស្រូវធ្លាក់ចុះរាល់ថ្ងៃនៅរដូវប្រមូលផល
បាត់ដំបង! ប្រជាកសិកររស់នៅក្នុងខេត្តបាត់ដំបង បានត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះរាល់ថ្ងៃនៅរដូវប្រមូលផល ខណៈដែលជីនិងប្រេងសាំងឡើងថ្លៃប្រឈមនឹងមិនមានប្រាក់ចំណេញ។
ប្រជាកសិកររស់នៅក្នុងឃុំខ្នាចរមាស ស្រុកបវេល នៃខេត្តបាត់ដំបង បានត្អូញត្អែរអោយដឹងដូចៗគ្នានៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះថា តម្លៃប្រភេទស្រូវសែនក្រអូបឆ្នាំនេះបានធ្លាក់ថ្លៃជាបន្តបន្ទាប់ដែលក្នុង០១ថ្ងៃធ្លាក់រហូតចាប់ពី០៤លេខ ទៅ០៥លេខនៅរដូវប្រមូលផល ធ្វើអោយពួកគាត់ប្រឈមការខាតបង់ និងមិនមានប្រាក់ចំណេញ ខណៈដែលជី និងប្រេងសាំងហក់ឡើងថ្លៃកប់ពពក។
ប្រជាកសិករដដែលបានបញ្ជាក់ថា ស្រូវប្រភេទសែនក្រអូបនៅរដូវប្រមូលផលឆ្នាំនេះ ប្រភេទស្រូវលេខ១ កាលពីដើមខែសីហា យើងអាចលក់បានក្នុងតម្លៃ ១០៣០០បាត ឯលេខ២តម្លៃ ៩៨០០បាត ទៅ ១០០០០បាតទៅតាមប្រភេទស្រូវ ប៉ុន្តែរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្លាក់ចុះជារៀងរាល់ថ្ងៃ ដែលក្នុង០១ថ្ងៃធ្លាក់រហូតចាប់ពី០៤លេខ ទៅ០៥លេខដែលក្នុង០១តោនស្រូវប្រភេទលេខ០១ លក់បានក្នុងតម្លៃត្រឹមតែ ៨៧០០បាតតែប៉ុណ្ណោះ។
ជាមួយគ្នានេះពួកគាត់ក៏បានសំណូមពរទៅដល់មន្ត្រីជំនាញ ជាពិសេសថ្នាក់ដឹកនាំខេត្តសូមមេតាជួយពួកគាត់ផង ធ្វើយ៉ាងម៉េចទប់ស្កាត់ជាមួយឈ្មួញកុំអោយតម្លៃធ្លាក់ចុះបន្តទៀត ព្រោះពេលនេះស្រូវនៅមិនទាន់បានច្រូតអស់ក្នុងវគ្គមួយផង។
ពាក់ព័ន្ធការលើកឡើងខាងលើ លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ខាងសារព័ត៌មានយើងមិនអាចសុំការបកស្រាយអ្វីបានទេនៅថ្ងៃនេះ ដោយលោកអោយទាក់ទងទៅលោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ។ ដោយឡែក លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានបញ្ជាក់អោយដឹងដែរថា តម្លៃស្រូវសែនក្រអូបថ្ងៃនេះ គឺបានតម្លៃ ១០០០រៀល ធម្មតាតម្លៃដើមទីបាន ១១៥០ ទៅ ១២០០រៀល ហើយចំពោះកសិករត្អូញត្អែរប្រយ័ត្នស្រូវគាត់ខ្ចី ឬ ស្រូវឈ្លក់ទឹក។
គួរបញ្ជាក់ថា!យោងតាមរបាយការណ៍ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងបានឲ្យដឹងថា÷ ឆ្នាំនេះប្រជាកសិករបង្កបង្កើនផលដំណាំស្រូវនៅលើផ្ទៃដីសរុបចំនួន ១៤៧,៧៨២ហិកតា នៃផែនការ ៣៣២,៧០០ហិកតា ក្នុងនោះស្រូវស្រាលដាំដុះបានចំនួន ១១៣,០១៣ហិកតា, ស្រូវកណ្តាលចំនួន ២០,៨៣៨ហិកតា និងស្រូវធ្ងន់ចំនួន ១៣,៤៦២ហិកតា ហើយការប្រមូលផលស្រូវរបស់ប្រជាកសិករនៅចំពោះមុខនេះគឺជាប្រភេទស្រូវបង្កើនរដូវ។