មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មថ្លែងថា តំបន់ដែលតែងតែប្រឈមមុខដាក់គ្នាដោយចុងអាវុធរវាងខ្មែរនិងខ្មែរ ពេលនេះក្លាយជាតំបន់មានការអភិវឌ្ឍន៍ដោយស្មានមិនដល់

កំពង់ស្ពឺ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មលោក វេង សាខុន បានថ្លែងថាទីនេះហើយដែលកាលពីអតីតកាល គឺជាកន្លែងបញ្ចាំងកុនពីសកម្មភាពធ្វើឃាតកម្មរបស់ជនក្បត់ជាតិ ហើយជាកន្លែងគ្មានមនុស្សរស់នៅ ជាកន្លែងចំបាំងរាំងជល់គ្នា ដោយចុងអាវុធរវាងខ្មែរនិងខ្មែរ ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះបានធ្វើឱ្យតំបន់មួយនេះក្លាយជាតំបន់អភិវឌ្ឍន៍ដោយនឹកស្មានមិនដល់។ប្រជាជនខ្មែរទូទាំងប្រទេសត្រូវបានគេលាបពណ៌ឱ្យក្លាយជាខ្មែរក្រហម -ខ្មែរស -ខ្មែរខៀវ និងខ្មែរស៊ីជម្ពូ ដើម្បីច្បាំងសម្លាប់គ្នា តែពេលនេះគឺមានខ្មែរតែមួយ ក្រោមរាជរដ្ឋាភិបាលតែមួយហើយបានអភិវឌ្ឍប្រទេសជាតិរីកចម្រើនគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ។ការថ្លែងឡើងដូច្នេះក្នុងពិធីសម្ពោធសមិទ្ធិផលនានានិងស្រោចសុគន្ធវារីប្រគេនដល់ព្រះចៅអធិការវត្តត្រពាំងក្រឡឹង ស្ថិតក្នុងឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២២។

លោក វេង សុខុន បានគូសបញ្ជាក់ថាក្រោយទទួលបានសុខសន្តិភាពក្នុងរយៈពេលជាង៤០ឆ្នាំនេះប្រទេសកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយអាចឈរស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ទាំងនេះគឺដោយសារតែប្រទេសកម្ពុជាមានថ្នាក់ដឹកនាំខ្លាំងពូកែគឺសម្តេចតេជោ ហ៊ុន សែន។ជាមួយនិងសុខសន្តិភាពនេះដែរសមិទ្ធិផលនានាក៏បានរីកដុះដាលឡើងស្របគ្នាទាំងវិស័យពុទ្ធចក្រនិងវិស័យអាណាចក្រ ជាក់ស្តែងសមិទ្ធិផលក្នុងវត្តត្រពាំងក្រឡឹងដែលត្រូវដាក់សម្ពោធនាពេលនេះរួមទាំងការតែងតាំងព្រះចៅអធិការវត្តផងដែរ។ហើយចំពោះសមិទ្ធផលនានាដែលបានកកើតឡើងក្នុងវត្តត្រពាំងក្រឡឹងគឺផ្តើមចេញពីអាជ្ញាធរខេត្ត ស្រុក សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ដែលបានខិតខំប្រឹងប្រែងកសាងឡើងទុកជាទីគោរពសក្ការ: តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា។

ឆ្លៀតយកឱកាសដែររដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន ក៏បានលើកឡើងផងដែរថាប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាប្រមាណ៨០%គឺជាកសិករដែលប្រកបរបរកសិកម្មធ្វើស្រែចំការ ។ចំពោះការងារកសិកម្មនេះដែរកសិករខ្មែរយើងក៏នៅពឹងផ្អែកលើទីផ្សារក្រៅប្រទេសខណៈទីផ្សារក្នុងស្រុកមិនគ្រប់គ្រាន់សម្រាប់លក់ចេញទិន្នផលដែលសម្រេចបាន។និយាយជារួមគឺនៅពឹងផ្អែកដង្ហើមរបស់ប្រទេសជិតខាងទាំងជីសម្រាប់បង្កើនទិន្នផល ការដឹកជញ្ជូនគឺពឹងផ្អែកលើប្រទេសវៀតណាម ថៃនិងសឹង្ហបូរី។ដោយសារតែការពឹងផ្អែកនះហើយទើបធ្វើឱ្យផលិតផលយើងមិនអាចប្រគួតប្រជែងជាមួយទីផ្សារបរទេសបាន។តែទោះជាយ៉ាងណារាជរដ្ឋាភិបាលកម្ពុជានៅតែខិតខំរិះរកគ្រប់មធ្យោបាយដើម្បីសម្រួលឱ្យកសិផលរបស់បងប្អូនប្រជាកសិករអាចទៅដល់ទីផ្សារបរទេស។តែទោះជាយ៉ាងនេះក្តីរដ្ឋមន្ត្រីក្រសួងកសិកម្មបានជម្រុញឱ្យបងប្អូនប្រជាកសិករត្រូវខិតខំបន្ថែមទៀតលើការងារកសិកម្មពិសេសត្រូវសំរឹតសំរាំងជ្រើសពូជដែលមានទីផ្សារល្អសម្រាប់នាំចេញដើម្បីឱ្យការផលិតផលទទួលបានទិន្នផលនិងតំលៃគាប់ប្រសើរលើទីផ្សារអន្តរជាតិ។ហើយក្នុងនោះក៏បានទួលប្រគេនដល់ព្រះចៅអធិការវត្តត្រពាំងក្រឡឹងដែលទើបតែងតាំងថ្មីឱ្យបន្តខិតខំការអភិវឌ្ឍន៍នៅក្នុងទីវត្តអារាមទាំងហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាទីវត្តមួយនេះឱ្យទៅជាកន្លែងទេសចរណ៍ មានភ្ញៀវជាតិ និងអន្តរជាតិចូលមកលេងកម្សាន្ត ផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធចក្រធម៌ វិន័យ ទំនៀមទំលាប់ប្រពៃណីខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ត ទៅដល់ភ្ញៀវដទៃទៀត ដើម្បីបង្កើនប្រាក់ចំណូលពីភ្ញៀវទេសចរណ៍ទាំងអស់នោះ មកដល់សហគមន៍របស់ខ្លួន បង្កើនជីវភាពរស់នៅ ឱ្យកាន់តែប្រសើរឡើងផងដែរ។

CATEGORIES
Share This