ការអនុវត្តនូវយុទ្ធសាស្ត្រ រហ័ស៤ ធ្វើឲ្យខេត្តបាត់ដំបងមិនទាន់មាន ឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍

246

ខេត្តបាត់ដំបង៖ ចាប់តាំងពីមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរខេត្តបាត់ដំបង រួមទាំងមន្ទីរសុខាភិបាលខេត្ត បានដាក់ចេញនូវយុទ្ធសាស្ត្ររហ័សចំនួន ៤ចំណុច ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ហើយការអនុវត្តបានច្បាស់លាស់ធ្វើឲ្យខេត្តមួយនេះ មិនទាន់មានការឆ្លងចូលក្នុងសហគមន៍នោះទេ ។

ក្នុងពិធីសំណេះសំណាលក្រុមគ្រូពេទ្យជួរមុខកាលពីចុងសប្ដាហ៍នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ក្នុងរយៈពេល ២ឆ្នាំជាប់គ្នានេះ មន្ត្រីសុខាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទប់ស្កាត់ការឆ្លងរាលដាលលនៃជំងឺកូវីដ១៩ ដែលសកម្មភាពទាំងអស់នេះ ពិតជាមិនអាចកាត់ថ្លៃបាន ។

ឯកឧត្តមបានបន្តថា ចំពោះការងារទប់ស្កាត់នេះ មានទាំងការពិនិត្យសុខភាព ការយកសំណាករកវីរុសកូវីដ១៩ និងព្យាបាលថែទាំអ្នកជំងឺកូវីដ១៩ ទោះបីជាមានការប្រឈម ក៏ក្រុមកងទ័ពអាវស បានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយទន្ទឹមនឹងនេះ ឯកឧត្តមសូមធ្វើការកោតសរសើរ ចំពោះមន្ទីរសុខាភិបាលខេត្ត ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រប្រយុទ្ធលើសមរភូមិកូវីដ១៩ គឺរហ័ស៤ចំណុចមាន ! រហ័សរកឱ្យឃើញ, រហ័សដាក់ឲ្យនៅដោយឡែក, រហ័សរាយការណ៍, និងរហ័សពិនិត្យព្យាបាល ,ទើបនៅក្នុងខេត្តបាត់ដំបង មិនទាន់មានឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា តែយ៉ាងណា ការមិនមានឆ្លងក្នុងសហគមន៍នេះ ក៏មិនអាចកាត់ផ្ដាច់ពីការចូលរួមរបស់ពលរដ្ឋ ទាំងអ្នកមិនមានឆ្លងជំងឺកូវីដ១៩ និងអ្នកមានផ្ទុកជំងឺនេះ ដោយពលរដ្ឋក្នុងខេត្តភាគច្រើនបានចូលរួមយ៉ាងផុលផុស មានទាំងការអនុវត្តនូវ ៣កុំ និង៣ការពារ រួមទាំងផ្ដល់នូវអំណោយមនុស្សធម៌ និងគ្រឿងបរិក្ខាសុខាភិបាលផ្សេងៗ ដល់អាជ្ញាធរខេត្ត រួមទាំងមន្ទីរសុខាភិបាលខេត្ត ក្នុងការងារទប់ស្កាត់ជំងឺកូវីដ១៩នេះ ។

គួរបញ្ជាក់ថា! យោងតាមរបាយការណ៍រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា អាជ្ញាធរខេត្ត បានកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមកពីរាជធានីភ្នំពេញ បណ្ដាខេត្តប្រឈមផ្សេង និងក្នុងខេត្តបាត់ដំបងផ្ទាល់ មានចំនួន១៦២០នាក់ និងបានយកសំណាកទាំងអស់ លទ្ធផលវិជ្ជាមាន ៧នាក់ ត្រូវក្រុមគ្រូពេទ្យជួរមុខព្យាបាលជាសះស្បើយបានចំនួន ២នាក់ ខណៈបច្ចុប្បន្ននៅខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត ចំនួន១៣នាក់ ដែលមានទាំងពលករទើបមកពីប្រទេសថៃ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៕

ដោយ៖សាលី

ចំណែក