ដកហូតថ្នាំញៀនជាង ១០០០ក្រាមនិងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់

ខេត្តបាត់ដំបង! ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដបាត់ដំបង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង បានចុះប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្នុងបទល្មើសជាក់ស្ដែងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលា​ម៉ោង១៦និង៣០នាទី នៅថ្ងៃទី០៩ ខែ​សីហា ឆ្នាំ​២០២២ នៅចំណុចភូមិអូរចម្លងលើ ឃុំតាគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន! ០១-ឈ្មោះ មុត បូណា ហៅ សុខ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិកំប្រង់ ឃុំកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង ០២-ឈ្មោះ ហួរ ហាក់លីន ហៅ​ ឧត្តម ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ោយយុង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

-វត្ថុតាងចាប់យកបានរួមមាន!
.-ម្ស៉ៅក្រាមពណ៌ សថ្លា (ម៉ាទឹកកក) ចំនួន ១១ កញ្ចប់ ទម្ងន់ ១១០៧,៥២ ក្រាម (ថ្លឹងទាំងសំបក)
– ទូរស័ព្ទដៃចំនួន ០២ គ្រឿង និង រថយន្តចំនួន ០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំបាញកំពុងក៏សាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។

CATEGORIES
Share This