Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យឃាត់ខ្លួនអាវុធហត្ថមួយចំនួនជាប់សង្ស័យករណី បង្ក្រាបល្បែងជល់មាន់អនឡាញបណ្ដាលឱ្យមនុស្សស្លាប់នៅខេត្តកំពង់ធំ

កំពង់ធំ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យស៊ើបអង្កេត និងធ្វើការឃាត់ខ្លួនជាបន្ទាន់ ដល់មន្រ្តីកងរាជអាវុធហត្ថមួយចំនួន នៅខេត្តកំពង់ធំ ដែលជាប់សង្ស័យករណីធ្វើឱ្យប្រជាពលរដ្ឋម្នាក់ដែលរស់នៅកំពង់ធំ បានស្លាប់ ក្រោយមន្រ្តីអាវុធហត្ថចុះអនុវត្តលើបទល្មើសជល់មាន់ តាមអនឡាញកាលពីប៉ុន្មានថ្ងៃមុននោះ។

តាមរយៈសារសំឡេង ដែលទូរទស្សន៍BTV ទទួលបាននាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ​កងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវផ្អាកការងារ​ចំពោះ​មន្ត្រីអនុវត្តន៍ច្បាប់ក្នុងករណីដែលជាប់សង្ស័យធ្វើឲ្យមនុស្សស្លាប់ជាបណ្តោះអាសន្ន ហើយ​ឱ្យស្ថិតនៅក្នុងបន្ទាយអាវុធហត្ថរងចាំការស៊ើបអង្កេត ខណៈករណីនេះ​ ឯកឧត្តម​ក៏បាន​សម្រេច​បង្កើត​គណៈកម្មការចំពោះកិច្ច ឱ្យចុះទៅស្រាវជ្រាវជាបន្ទាន់ ​ថាតើជនរងគ្រោះស្លាប់ដោយសារមន្ត្រី​អនុវត្តន៍ច្បាប់ ​ឬក៏ស្លាប់ដោយករណីអ្វីផ្សេង បើសិនរកឃើញជនរងគ្រោះស្លាប់ដោយសារ​មន្ត្រី​អនុវត្តន៍​ច្បាប់មែនោះ​ គឺត្រូវចាត់វិធានការតាមច្បាប់មិនលើកលែងឱ្យជាដាច់ខាត។

សូមបញ្ជាក់ថា មានព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកមួយបានបង្ហោះកាលពីកន្លងទៅ ដោយ​លើកឡើងថា ​មានករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លាប់ ក្នុងប្រតិបត្តិការកម្លាំងអាវុធហត្ថចុះទៅបង្ក្រាប​បទល្មើសល្បែង​ជល់មាន់​តាម​អនឡាញមួយ ​ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា​ បណ្តាលមកពីកម្លាំងអាវុធហត្ថ។

យ៉ាងណាក៏ដោយដើម្បីរកយុត្តិធម៌ដល់ក្រុមគ្រួសារនៃសព ​នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជា​ឲ្យមន្រ្តីចុះទៅស្រាវជ្រាវភ្លាមៗផងដែរ​បន្ទាប់ពីមានករណីនេះកើតឡើង ហើយ​ប្រសិនបើ​មានករណីនេះពិតប្រាកដមែននោះ​ អ្នកដែលបានប្រព្រឹត្តនឹងមិនត្រូវលើកលែងនោះឡើយ៕