យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសម័យសង្រ្គាមរាប់ពាន់គ្រាប់ ត្រូវបានប្រទះឃើញនៅបរិវេណវត្តគាស់ក្រឡ

55

បាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សេសសល់ពីសម័យសង្រ្គាមរាប់ពាន់គ្រាប់ ត្រូវបានព្រះសង្ឃប្រទះឃើញ នៅក្នុងបរិវេណវត្តគាស់ក្រឡ ខណៈដែលព្រះអង្គបន្ត ជីកដីដើម្បីដាក់លូធ្វើបង្គន់អនាម័យ ។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានអោយដឹង គ្រាប់យុទ្ធភ័ណ្ឌខាងលើនេះ ត្រូវបានព្រះសង្ឃប្រទះឃើញ កាលវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០ ២១ នៅចំណុចវត្តបុរាណនិវេសន៍(ហៅវត្តគាស់ក្រឡ) ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់បាត់ដំបង ខណៈដែលព្រះសង្ឃគង់ក្នុងវត្តបានបន្ត ជីកដីដើម្បីដាក់លូធ្វើបង្គន់អនាម័យ ។

ក្រោយពីប្រទះឃើញ ព្រះសង្ឃក៏បានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលយើង ហើយសមត្ថកិច្ចក៏បានរាយការណ៍បន្តជូនអង្គភាពស៊ីម៉ាក់CMAC ដើម្បីចុះពិនិត្យជាក់ស្តែង រួមគ្នានៅចំណុចទីតាំងខាងលើ បន្ទាប់មក មន្ត្រីជំនាញនៃអង្គភាពស៊ីម៉ាក់CMAC បានប្រើប្រាស់គ្រឿងចក្រកាយទៅក្នុងដីនៅចំណុចនោះ បានរកឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបចំនួន១៨កេសដែក ស្មើនិង ៤៥០០គ្រាប់ ដែលជាប្រភេទគ្រាប់(PKF) ផលិតនៅប្រទេសអាមេរិច ។

ក្រោយពីប្រមូលបានមន្ត្រីជំនាញ បានពិនិត្យនិងបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើ វាបានខូចគុណភាពស្ទើរទាំងស្រុងអស់ហើយ ហើយនឹងត្រូវបានប្រគល់ជូនអង្គភាពស៊ីម៉ាក់CMAC យកទៅរក្សាទុកដើម្បីរងចាំពេលវេលាបំផ្លាញចោលនៅពេលក្រោយ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅ នៅទីអារាមនេះ ក៏ធ្លាប់បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះម្តងរួចមកហើយ ខណៈដែលព្រះសង្ឃជីកដីដាក់លូធ្វើបង្គន់អនាម័យដូចគ្នា ដែលយុទ្ធភ័ណ្ឌទាំងនេះប្រភេទគ្រាប់កាំភ្លើង(PKF)ដូចគ្នាចំនួន ១៦កេស ស្មើនឹង ៤,០០០គ្រាប់(ផលិតនៅប្រទេសឣាមេរិច) ៕

ដោយ ៖ សាលី  

ចំណែក