ជនបែកថ្នាំម្នាក់ យកប្រេងម៉ាស៊ូតចាក់ដុតផ្ទះ បណ្តាលអោយឆេះ និងស្លាប់ទាំងខ្លួនឯង

63

បាត់ដំបង ៖ ហេតុការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយជនបែកថ្នាំម្នាក់ បានយកប្រេងម៉ាស៊ូត ចាក់ដុតផ្ទះ បណ្តាលឲ្យឆេះទាំងផ្ទះ និងខ្លួនឯងស្លាប់ក្នុងភ្នួកភ្លើងយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៩និង០០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី២០ ស្ថិតក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរបណ្តាលអោយឆេះផ្ទះតម្កល់០១ខ្នង ទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ (ខូចខាត ៨០%) ដែលមានម្ចាស់ផ្ទះឈ្មោះ ទុយ សាឡៅ ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។សម្ភារៈខូចខាតក្នុងនោះមាន ៖ ទូរទស្សន៍ ០១គ្រឿង  (ខូចខាតទាំងស្រុង), តុឈើ ០២ (ខូចខាតទាំងស្រុង), ទូខោអាវ ០១ (ខូចខាតទាំងស្រុង), ម៉ាស៊ីនដេរ ០១ (ខូចខាតទាំងស្រុង), សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅរួមនិងឯកសារផ្សេងទៀត ព្រមទាំងសំលៀកបំពាក់មួយចំនួន (ខូចខាតទាំងស្រុង)ផងដែរ សរុបការខូចខាតប្រហែល ៣០.០០០.០០០រៀល (សាមសិបលានរៀល)។

ចំណែកជនរងគ្រោះស្លាប់នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរមានឈ្មោះ រើន ឡី ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកៀនកែស២  ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង (ត្រូវជាកូនបង្កើតរបស់ម្ចាស់ផ្ទះ) ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលផ្ដើមឲ្យឆេះនេះ ដោយសារជនរងគ្រោះដែលស្លាប់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងបែកថ្នាំ បានយកប្រេងម៉ាស៊ូត ដុតផ្ទះខ្លួនឯង ក៏បណ្ដាលអោយឆេះឡើងតែម្តង ។ ភ្លាមៗ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យស្រុក ០១គ្រឿង និងគោយន្តច្នៃដឹកទឹក ០១គ្រឿង ចេញអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន ផងដែរ ៕

ដោយ ៖ សាលី

ចំណែក