រកឃើញករណីវិជ្ជមានកូវីដ-១៩ លើបុរសម្នាក់ ជាកូនប្រុសអ្នកលក់អីវ៉ាន់ចាប់ហួយ នៅផ្សារសិរីសោភ័ណ

155

បន្ទាយមានជ័យ ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើបុរសម្នាក់ជាកូនប្រុស អ្នកលក់អីវ៉ាន់ចាប់ហួយ ១កន្លែង នៅផ្សារសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក នាង ហាវ អភិបាលរងក្រុងសិរីសោភ័ណ បានឲ្យដឹងជាបឋមថា នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរ មន្ត្រីជំនាញ និងកងកំលាំងទាំងបីប្រភេទ កំពុងធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងផ្សារសិរីសោភ័ណនេះ ដែលជាបឋម ក្រុមការងារបានរកឃើញអ្នកពាក់ព័ន្ធចំនួន១២នាក់ ជាអាជីវករលក់ដូរក្នុងផ្សារសិរីសោភ័ណនេះ ហើយក្រុមការងារកំពុងតែឲ្យអ្នកពាក់ព័ន្ធទាំងនោះធ្វើការរៀបចំទុកដាក់អីវ៉ាន់លក់ដូរ ហើយអញ្ជើញពួកគាត់ទៅយកសំណាកធ្វើតេស្តកូវីដ-១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីប្រាដកថា តើពួកគាត់មានវិជ្ជមានកូវីដ-១៩ ឬក៏អត់ ។ ហើយជាបន្តបន្ទាប់នេះ ក្រុមការងារនឹងធ្វើការ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យ និងធ្វើចត្តាឡីស័ក ជៀសវាងការចម្លងរាលដាលនូវជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរឡើង ។

ជាមួយគ្នានេះលោកអភិបាលរងក្រុងសិរីសោភ័ណ ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរ ក្នុងផ្សារសិរីសោភ័ណ ដែលដឹងខ្លួនថា បានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ខាងលើ សូមមេត្តា ស្ម័គ្រចិត្តធ្វើចត្តាឡីស័ក ឬទៅយកសំណាកដើម្បីពិនិត្យថា តើយើងវិជ្ជមានកូវីដ-១៩ ឬអត់ ហើយចំពោះបងប្អូនដែលមិនមានការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកវិជ្ជមានខាងលើ ក៏សូមមេត្តាអនុវត្តឲ្យបាននូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ៕

ចំណែក