ឧត្តមសេនីយ៍ទោ សេង ធារិន សុំការយោគយល់ពីពលរដ្ឋ ក្នុងអំឡុងពេលបិទខ្ទប់ ក្រុងប៉ោយប៉ែត

281

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ អំពាវនាវសុំការយោគយល់ពីប្រជាពលរដ្ឋ ចំពោះកងកម្លាំងទាំង៣ប្រភេទ ក្នុងអំឡុងពេលបិទខ្ទប់ ក្រុងប៉ោយប៉ែត ដើម្បីការពារ កុំឲ្យឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត ។ 

ការអំពាវនាវដូច្នេះធ្វើឡើងកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ខណៈដែលលោកឧត្តមសេនីយ៍ទោ សេង ធារិន អមដំណើរដោយលោកមេបញ្ជាការទិសទី១បន្ទាយមានជ័យ, លោកមេបញ្ជាការកងពលតូចថ្មើជើងលេខ៥១, លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះត្រួកពិនិត្យកងកម្លាំងនៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅបិទខ្ទប់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ សេង ធារិន ជំនួសមុខឲ្យកងកម្លាំងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយកចិត្តទុក្ខដាក់ ដល់កងកម្លាំងប្រដាប់អាវុធតាមរយៈ ការផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ នាពេលកន្លងមក ។ 

លោកឧត្តមសេនីយ៍ទោ បានសម្តែងការសោកស្តាយ ចំពោះការផ្ទុះនូវជំងឺកូវិដ-១៩ នៅក្រុងប៉ោយប៉ែត ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជួបការលំបាក ជាពិសេសក្នុងអំឡុងពេលបិទខ្ទប់នេះតែម្តង ដែលធ្វើអោយប៉ះពាល់ ដល់បរបររសុីរបស់បងប្អូន តែការប៉ះពាល់នេះ ចាមានរយៈពេលខ្លីប៉ុណ្ណោះ ប្រសិនបើយើងអត់ធ្មត់បាន យើងនឹងឈ្នះជំងឺកូវិដ-១៩ ហើយវានឹងមិនឆ្លងរាលដាលទៅទីរួមខេត្ត និងខេត្តដទៃទៀតឡើយ ។ ដូច្នេះហើត សូមឲ្យបងប្អូនមានការយោគយល់ដល់កងកម្លាំងទាំងបីប្រភេទ និងស្តាប់តាមការណែនាំរបស់សមត្ថកិច្ច និងអាជ្ញាធរដែលកំពុងតែបំពេញភារកិច្ចយ៉ាងតឹងរឹងទាំងយប់ ទាំងថ្ងៃ មិនថាហាលភ្លៀង ឬហាលថ្ងៃនោះទេ ធ្វើយ៉ាងណារឹតបន្តឹងការគ្រប់គ្រង គឺ ដើម្បីតែប្រជាពលរដ្ឋតែប៉ុណ្ណោះ។ 

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ទោះបីជាគ្រប់គ្នា បានចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ រួចរាល់ហើយយ៉ាងណាក្តី ក៍ត្រូវបន្តការការខ្លួនឯង ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង ៕

ចំណែក