យុវជនម្នាក់ ត្រូវបានចាប់ខ្លួនក្រោយបង្កហិង្សា វាយយុវជនម្នាក់ទៀតជាច្រើនដៃ

បន្ទាយមានជ័យ​ ៖ យុវជនម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ធ្វើការឃាត់ខ្លួន ក្រោយបង្កហិង្សា វាយយុវជនម្នាក់ទៀតជាច្រើនដៃ បណ្តាលឱ្យរងរបួស ។

ជនសង្ស័យម្នាក់ ករណី​ហិង្សាដោយចេតនា កាលពីវេលាម៉ោង១៧និង០០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចសួន មានជ័យ (វេទិការខេត្ត) ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័​ណ​ បានឱ្យដឹងថា​ យុវជនខាងលើ មានឈ្មោះ ថង ប៊ុនហេង ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការឃាត់ខ្លួនកាលពី រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចសួនមានជ័យ (វេទិការខេត្ត) ក្រោយយុវជនរូបនេះ បានប្រើហិង្សាវាយទៅលើជនរងគ្រោះឈ្មោះ ប្លែក សំរេច ជាច្រើនដៃ បណ្ដាលឱ្យរងរបួស ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា​ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជនសង្ស័យត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ចាត់ការតាមផ្លូវច្បាប់ហើយ នៅរសៀលថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ ៕​

CATEGORIES
Share This