រាជអាវុធហត្ថបន្ទាយមានជ័យ ប្រគល់នថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសារសព លោកអនុសេនីយ៍ទោ ស៊ឹង ស៊ីផុន
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ចុះសំណេះសំណាល និងប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ទោ ស៊ឹង ស៊ីផុន ជំនួយការការិយាល័យផែនការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាពកាលពីកន្លែងទៅ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានសម្តែងនូវរមណៈទុក្ខ ដ៏ក្រៀមក្រំចំពោះ ក្រុមគ្រួសារលោកអនុសេនីយ៍ទោ ស៊ឹង ស៊ីផុន ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារ គ្មានថ្ងៃវិលត្រលប់ ចោលប្រពន្ធ និងកូន បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។
ក្នុងនាមអាវុធហត្ថ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែគិតគូរសុខទុក្ខជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ និងបានបង្កេីតជាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីជួយដល់មន្ត្រីអាវុធហត្ថដែលជួបបញ្ហាគ្រោះថ្នាក់ផ្សេងៗ ពិសេសមន្ត្រីអាវុធហត្ថ ដែលពលី-មរណៈ ដេីម្បីកៀរគរថវិកាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទៅចូលរួមបុណ្យសពដោយផ្ទាល់ ចំនួន១៥,០០០,០០០រៀល(ដប់ប្រាំលានរៀល) ។ និងជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ លោកបានប្រគល់ថវិកាបន្ថែមចំនួន២៣,៥៨៤,៥០០រៀល (ម្ភៃបីលាន ប្រាំសែន ប្រាំបីម៉ឺន បួនពាន់ប្រាំរយរៀល) សរុបថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេសចំនួន៣៨,៥៨៤,៥០០រៀល ៕