ឧត្តមសេនីយ៍ត្រីបោន ប៊ិន ក្រេីនរំលឹកមន្រ្តីទាំងអស់មិនត្រូវយកតួនាទី​ ឬសិទ្ធអំណាច ទៅគាបសង្កត់ដល់ពលរដ្ឋ ដេីម្បីផលប្រយោជន៍ផ្ទាល់ខ្លួន​

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​បានក្រេីនរំលឹកដល់នាយទាហាន​ នាយទាហាន​រង នៃកងរាជអាវុធហត្ថ​ទាំងអស់ មិនត្រូវយកតួនាទី​ ឬសិទ្ធអំណាចជាសមត្ថកិច្ច​ ទៅគាបសង្កត់ដល់ពលរដ្ឋ ដេីម្បីផលប្រយោជន៍ផ្ទាល់ខ្លួន​ឡេីយ បេីមានករណីនេះកេីតឡេីង​ ហេីយរកឃេីញថាមន្ត្រីអាវុធហត្ថណាម្នាក់បានប្រព្រឹត្ត​អំពើនេះ នឹងត្រូវប្រឈមមុខ​ចំពោះច្បាប់ដោយគ្មានការលេីកលែងជាដាច់ខាត ។

ការក្រើនរំលឹកនេះធ្វើឡើងនៅរសៀលថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងបំពាក់ឋានន្តរសក្ដិដល់យោធិន នៃកងរាជអាវុធហត្ថចំនួន៨៨រូប ក្នុងនោះថ្នាក់អនុសេនីយ៍ឯកចំនួន៣៣រូប ថ្នាក់អនុសេនីយ៍ទោចំនួន៣០រូប ថ្នាក់អនុសេនីយ៍ត្រីចំនួន០២រូប ថ្នាក់នាយចំណង់ចំនួន០៩រូប ថ្នាក់ព្រិនបាលឯកចំនួន០៦រូប ថ្នាក់ព្រិនបាលទោចំនួន០២រូប និងផ្លាស់ប្ដូរមុខតំណែងចំនួន០៦រូប ។ 

នៅក្នុងពិធីដែលលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយទាហាន នាយទាហានរង សរុបចំនួន១២៦រូបលោក​ឧត្ដមសេនីយ៍​ត្រី​ បោន​ ប៊ិន​ បានកោតសរសេីរចំពោះ​​នាយទាហាន​ នាយទាហានរង នៃកងរាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទាំងអស់​ ដែលបានខិតខំបំពេញតួនាទី​ ភារកិច្ច របស់ខ្លួន​ដោយបានអនុវត្តតាមបទបញ្ជា​ និងគោរពវិន័យ របស់​អង្គភាព​កងរាជអាវុធហត្ថបានយ៉ាងល្អ​ប្រសេីរប្រកបដោយទំនួលខុសត្រូវ​ រហូតទទួលបានការលេីកទឹកចិត្តនិងតំឡើងឋានន្តរសក្ដិរបស់ថ្នាក់លើ ។ 

ទន្ទឹមជាមួយគ្នានោះ​ដែរ លោក​ឧត្ដមសេនីយ៍​ត្រី​ ក៏បានណែនាំនិងជំរុញបន្ថែម​ទៀត ដល់នាយទាហាន​ នាយទាហានរង នៃកងរាជ​អាវុធហត្ថ​ទាំងអស់​ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា​របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដាក់ចេញនូវទិសស្លោកចំនួន៤ គឺ -ប្រទេសជាតិត្រូវតែការពារ -ប្រជាត្រូវតែបម្រេី -ច្បាប់ត្រូវតែគោរព​ -បទល្មើសត្រូវតែបង្ក្រាប។

CATEGORIES
Share This