អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងបិទខ្ទប់ ៤កន្លែងនៅក្រុងប៉ោយប៉ែត

97

បន្ទាយមានជ័យ ៖  ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការបិទទីតាំង ៤កន្លែង ដែលជាប់សង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីជនជាតិឥណ្ឌូនេសុីម្នាក់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១ ដោយមានចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការជាច្រើននាក់ទៀតផងដែរ ។ 

ទីតាំងដែលត្រូវបិទជាបណ្តោះអាសន្នខាងលើរួមមាន ៖ ១.ទីតាំងសណ្ឋាគារកាសុីណូប៉ោយប៉ែតភែលេសផ្លាស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ២.ទីតាំងផ្ទះសំណាក់៩៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ៣.វីឡាមួយកន្លែងក្នុងបូរីរស្មីដូងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ៤.ទីតាំងអាគារជួលម៉ាវង្សាដើមស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ទីតាំងទាំងនេះ ជាទីកន្លែងដែលឈ្មោះ ចនហាន់ ស៊ូហានតូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី មានវិជ្ជមានជំងឺកូវីត១៩ ស្នាក់នៅ និងធ្លាប់បានចេញចូល ។

បច្ចុប្បន្ន ទីតាំងខាងលើត្រូវបានបិទខ្ទប់ មិនឲ្យមានការចេញចូល ចំណែកអ្នកជំងឺជាជនជាតិឥណ្ឌូនេស៊ី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ។

ជាមួយនិងការចុះនេះដែរ ឯកឧត្តមអភិបាលខេត្ត បានពិនិត្យយ៉ាងយកចិត្តទុក្ខដាក់ និងពិភាក្សាជាមួយក្រុមការងារគណៈបញ្ជាការខេត្តក្រុងថា តើត្រូវបិទខ្ទប់ទីតាំងណាខ្លះទៀត ដែលជាប់ពាក់ព័ន្ធ ជាមួយបុរសជនជាតិឥណ្ឌូនេស៊ីខាងលើ ។

គួរបញ្ជាក់ថា នៅទីតាំងអាគារជួល ម៉ាវង្សាដើមស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលមានជនបរទេសស្នាក់នៅធ្វើការច្រើន ត្រូវបានក្រុមគ្រូពេទ្យយកសំណាក់លើអ្នកនៅអាគារនេះទាំងអស់ អោយតែមានការជាប់ពាក់ព័ន្ធ ៕ 

ចំណែក