សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រាប់ឱ្យពលរដ្ឋសំអាតបរិស្ថានលុបបំបាត់ជម្រកមូសខ្លាដើម្បីគេចផុតពីការចម្លងជំងឺគ្រុនឈាម

ប៉ៃលិន៖ ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ដោយមានការចង្អុលដឹកនាំពីលោកជំទាវបាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនលោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា និងឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាបានដឹកនាំក្រុមប្រតិបត្តិសាខាគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ យុវជនកាកបាទក្រហមកម្ពុជាសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខា និងមានការចូលរួមសហការពីមន្ទីរសុខាភិបាល អាជ្ញាធរមូលដ្ឋានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយទប់ស្កាត់បង្ការនៃការរីករាលដាល ជំងឺគ្រុនឈាម ដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះដោយដាក់អាបែតតាមពាងទឹក និងចាក់សម្លេងតាមឧឃោសនស័ព្ទ នៅក្នុងភូមិទឹកចេញ និងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជាលទ្ធផលក្រុមការងារចែកជូនបាន៣៤៥ខ្នងផ្ទះ ដាក់អាបែតតាមពាងទឹកចំនួន១,២០៩ ចែកប័ណ្ណផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម ចំនួន៣៥០សន្លឹក សាប៊ូ ៥កេស និងជែលលាងដៃចំនួន៦ កេស បានណែនាំលើកទឹកចិត្តអោយបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងអំពីការថែទាំសុខភាពក្នុងរដូវវស្សា ដោយរស់នៅស្អាតមានអនាម័យឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ សម្អាតបរិវេណជុំវិញផ្ទះ ប្រមូលសំបកកំប៉ុង ឬរបស់ដក់ទឹកយកទៅកប់ចោល ដើម្បីកម្ចេចជំរកមូសខ្លាញី និងគេងក្នុងមុងជ្រលក់ថ្នាំ ហើយបើមានអាការៈ ក្តៅខ្លួនចាប់ពី ៣៩ ទៅ៤០អង្សារសេ អមដោយរោគសញ្ញាផ្សេងៗទៀតដូចជា ខ្សោយសរីរាង្គ អស់កម្លាំង មុខក្រហម ឈឺក្បាល ក្អួតចង្អោរ ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃ-ជើង ស្នាមអុចៗក្រហមលើស្បែក សូមបងប្អូនប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលស្ថិតនៅជិតផ្ទះបងប្អូនជាបន្ទាន់ ។

លោកជំទាវពៅ សុខ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបាន ស្រីមុំ បានប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ប្រឹងប្រែងធ្វើអនាម័យ សំអាតក្នុងបរិវេណលំនៅដ្ឋានរបស់ខ្លួន ពិសេសលុបបំបាត់ឱ្យអស់នូវសំភារៈនានាដែលជាប្រភពនៃជម្រកមូសខ្លា។លោកជំទាវបានបន្តថា មូសខ្លា គឺជាភ្នាក់ងារចម្លងដ៏មានប្រសិទ្ធិភាពនៃជំងឺគ្រុនឈាម វាអាចសម្លាប់កុមារតូចៗក្នុងរយៈពេលដ៏ខ្លី ប្រសិនជាមាតាបិតារបស់កុមារមានការធ្វេសប្រហែស ឬមិនបានយកចិត្តទុកដាក់នាំទៅឱ្យក្រុមគ្រូពេទ្យព្យាបាលទាន់ពេលវេលា ហើយបច្ចុប្បន្នជំងឺនេះក៏បានចម្លងទៅកាន់មនុស្សចាស់ផងដែរ។

ឯកឧត្តមសៅ សារ៉ាត់ ក៏បានលើកឡើងផងដែរថា វិស័យសុខាភិបាល ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញជាគោលដៅអភិវឌ្ឍន៍ជាតិក្នុងការកាត់បន្ថយមរណភាពរបស់កុមារអាយុក្រោម៥ឆ្នាំ ការលើកកម្ពស់សុខភាពមាតានិងការប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ គ្រុនឈាម ជំងឺឆ្លងដ៏ទៀត បញ្ហាសុខភាពសាធារណៈនិងគ្រោះមហន្តរាយ។

ឯកឧត្តម បានសំដែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារដែលបានបង់នូវកូនជាទីស្រឡាញ់ដោយសារជំងឺគ្រុនឈាមដ៏កាចសាហាវមួយនេះ។ ទន្ទឹមជាមួយការចូលរួមរំលែកទុក្ខនោះលោកក៏បានអំពាវនាវឱ្យបងប្អូនដែលមានកូនតូចៗត្រូវស្លៀកពាក់ខោអាវដែលវែងដើម្បីបិទរាង្គកាយឱ្យជិតដល់ពួកគេ សំអាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មិនត្រូវទុកស្មៅឱ្យដុះនៅឧបទ្រព ឬបោះចោលនូវសំបកដូង សំបកកង់ឡានម៉ូតូដែលជាជម្រកពងកូនរបស់មូសខ្លានៅជុំវិញផ្ទះនោះទេព្រោះសត្វនេះចូលចិត្តរស់នៅកន្លែងដែលមានទឹកដក់ពិសេសគឺទឹកដក់ហើយថ្លា មួយវិញទៀតចំពោះពាងទឹកគឺត្រូវតែដាក់ថ្នាំអាបែតជាប្រចាំ ព្រោះពាងទឹកក៏ជាប្រភពជ្រកកោន និងពងកូននៃមូសខ្លាផងដែរ។ការលុបបំបាត់របស់ទាំងអស់ខាងលើនិងមានបរិស្ថានស្អាតគឺមានន័យថាយើងមានសុវត្ថិភាពនិងគេចផុតពីជំងឺគ្រុនឈាមដ៏កាចសាហាវនោះហើយ។

CATEGORIES
Share This