ប្រមូលផ្តុំគ្នាលេងល្បែង ផ្គើននឹងវិធានការរដ្ឋាភិបាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ១៣នាក់

23

បាត់ដំបង ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី ចំនួន១៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ក្រោយធ្វើសកម្មភាពប្រមូលផ្តុំគ្នា លេងល្បែងស៊ីសង ផ្គើននឹងវិធានការរដ្ឋាភិបាល ក្នុងរដូវកាលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាត ។ 

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្រោមការសម្របសម្រួលដោយប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។ 

ជាមួយយុទ្ធនាការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩នេះដែរ កម្លាំងជំនាញបានធ្វើការបង្ក្រាបឃាត់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន ១៣នាក់ ក្នុងនោះស្ត្រី ០១នាក់ រួមជាមួយវត្ថុតាងដកហូតបានរួមមាន ៖ រថយន្តចំនួន ០៤ គ្រឿង, ម៉ូតូចំនួន ១០ គ្រឿង និងវិទ្យុទាក់ទងចំនួន ០៣ គ្រឿងផងដែរ។ 

ក្រោយពីធ្វើការឃាត់នាំខ្លួនមកកាន់ស្នងការដ្ឋាន ក្រុមអ្នកពាក់ព័ន្ធទាំង១៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

ចំណែក