Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា អបអរសាទរឯកឧត្តម សុខ សូកាន ក្លាយជាប្រធានសហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់កម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា អាណត្តិទី៦ បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម សុខ សូកាន ដែល​ទទួលបានការបោះឆ្នោត​ផ្តល់សេចក្ដីទុកចិត្តជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា សម្រាប់​អាណត្តិឆ្នាំ ២០២១-២០២៥ ក្នុងមហាសន្និបាត​វិសាមញ្ញ​អាណត្តិ​ទី៧ និង​ការ​បោះឆ្នោត​ជ្រើសរើសប្រធាន និងសមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ ក្រោម​អធិបតីភាព ឯកឧត្ដម ​ស សុខា កាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ស សុខា បានបញ្ជាក់ថា ដោយឯកឧត្តមមើលឃើញថា​គណៈកម្មាធិការ​ប្រតិបត្តិ​ ​និងក្រុមការងារ​របស់​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ក្នុង​នោះ​មានឯកឧត្តម សុខ សប្បាយណា ជា​អគ្គលេខាធិការ​សហព័ន្ធ​ មាន​សកម្មភាព​ផុលផុស រឹងមាំ​ ព្រម​ទាំង​បន្ត​បង្ហាញ​កេរ្តិ៍​ឈ្មោះ និង​បោះ​សម្លេង​លើ​ឆាក​អន្តរជាតិ គួរ​ជា​ទី​មោទនៈ​ ប្រកប​ដោយ​ម្ចាស់​ការ និង​ការ​ទទួល​ខុស​ត្រូវ។ 

ឯកឧត្តម ស សុខា បានបន្តថា កត្តា​នេះ​ធ្វើ​ឱ្យ​ឯកឧត្តម​មាន​ទំនុក​ចិត្ត​យក​ឱកាស​ដក​ឃ្លា​ទៅ​ជួយ​ដល់​សហព័ន្ធ​កីឡា​ផ្សេងៗ ​និង​ជា​ពិសេសសហព័ន្ធ​កីឡា​សិស្ស​និស្សិត និងសហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ជាដើម​ ដើម្បី​ត្រៀម​ខ្លួន​ទៅ​កាន់​ស៊ីហ្គេម​ឆ្នាំ២០២៣ ខាងមុខ ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

តាម​ពិត​ទៅ​សហព័ន្ធ​ត្រូវ​រៀបចំការបោះឆ្នោត​ជ្រើសតាំងប្រធាន​ និងគណ:កម្មាធិការប្រតិបត្តិនៃសហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់កម្ពុជា សម្រាប់​អាណត្តិ​ឆ្នាំ​២០២១-២០២៥ តាំង​ពី​ឆ្នាំ​២០២ មក​ម្លេះ ប៉ុន្តែ​ដោយ​សារ​ស្ថានភាព​កូវីដ-១៩ រាតត្បាត​ខ្លាំង​​ និង​ម៉្យាង​ដោយ​សារ​តែ​កៀក​នឹង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាមផង​​ ទើប​ធ្វើ​ឱ្យ​លើក​ពេល​មក​ដល់​ថ្ងៃ​នេះ​តែ​ម្តង។ 

ឯកឧត្តម ស សុខា បានគូសនញ្ជាក់ដែរថា ទន្ទឹមនេះ​សម្រាប់​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ជាមួយ​បងប្អូន​អ្នក​គាំទ្រ​កីឡាករ​ គ្រូ​បង្វឹក ​និង គណៈកម្មាធិការ​ប្រតិបត្តិ​ដដែល​ ដោយ​កាន់​តួនាទីជា​ប្រធាន​កិត្តិយស​របស់​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា តាមរយ:​ការ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ពី​មហាសន្និបាត​វិសាមញ្ញ​នា​រសៀលនេះ។ យើង​រួមគ្នា​ បន្ត​ដំណើរ​ទៅ​ដណ្ដើម​យក​មេដាយ​មាស នា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ខាង​មុខ​ ឱ្យ​បាន​ដាច់​ខាត៕