ស្នងការខេត្តបន្ទាយមានជ័យ បន្តចុះពង្រឹងទប់ស្កាត់ គ្រប់បទល្មើស និងការចំណាកស្រុកតាមបន្ទាត់ព្រំដែន

66

បន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបន្តចុះពង្រឹងទប់ស្កាត់ គ្រប់បទល្មើស និងការចំណាកស្រុករបស់ពលករ តាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។ 

ការចុះត្រួតពិនិត្យនេះធ្វើឡើងកាលពី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្រោយពីបញ្ជប់ ការពារសន្តិសុខ សុវត្ថិភាព សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ 

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ការចុះត្រួតពិនិត្យតាមបន្ទាប់ព្រំដែនកម្ពុជា-ថៃនេះ គឺជាការ សួរសុខទុក្ខ និងលើកទឹកចិត្តដល់ កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក  ដែលកំពុងឈរជើងការពារតាមគោលដៅ និងបានជំរុញអោយកម្លាំងទាំងអស់ត្រូវទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ហើយអ្វីដែលសំខានយលោកបាន ពង្រឹងវិធានការអោយបានតឹងរ៉ឹង ចំពោះបងប្អូនប្រជាពលរដ្ឋ ចំណាកស្រុក ដើម្បីចូលរួមទប់ស្កាត់ ការចម្លងរីករាលដាល នៃជំងឺកូវីដ១៩ និង បានណែនាំដល់កងកម្លាំងទាំងអស់ ដែលកំពុងតែឈរជើងនៅទីនោះ ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ ត្រូវពាក់ម៉ាស់ រក្សាគំលាត ព្រោះវាជាកិច្ចការចម្បង ដែលត្រូវអនុវត្តដើម្បី ខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ជាពិសេសគោរពអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនូវវិធានការ ៣ការពារ ៣កុំ អោយបានខ្ជាប់ខ្ជួនជានិច្ច ៕ 

ដោយ ៖ សម្បត្តិសីហា

ចំណែក