ប៉ូលីស និងពេទ្យសត្វបន្ទាយមានជ័យ ចាប់រថយន្តដឹកមាន់អត់ច្បាប់ ១គ្រឿងពីប្រទេសថៃ

55

បន្ទាយមានជ័យ ៖ មន្ត្រីប៉ូលីស និងពេទ្យសត្វខេត្តបន្ទាយមានជ័យ កាលពីយប់ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានស្ទាក់ចាប់រថយន្ត១គ្រឿង លួចដឹកសត្វមាន់រស់ពីប្រទេសថៃ មកកម្ពុជា ដោយខុសច្បាប់ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមវិធានការបង្កាបង្ក្រាប ការចរាចរណ៍សត្វ ពីក្រៅប្រទេស របស់នាយកដ្ឋាន និងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ លោកបានបែងចែកមន្ត្រីតាមគោលដៅនានា ធ្វើការស្រាវជ្រាវ នូវមុខសញ្ញា នាំសត្វចូលពីប្រទេសជិតខាង ។ ជាក់ស្តែងក្រោយពីទទួលបានព័ត៌មាន ពីការចរាចរណ៍សត្វបក្សី គ្មានច្បាប់អនុញ្ញាត មន្ត្រីរបស់លោកបានសហការណ៍ជាមួយកម្លាំងនគរបាលស្រុកអូជ្រៅ ធ្វើការស្ទាក់ឃាត់រថយន្តមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-3428​ ដែលផ្ទុកមាន់រស់រាប់ពាន់ក្បាល យកមកការិយាល័យបសុពេទ្យ ដើម្បីត្រួតពិនិត្យ ។

លោកបន្តថា តាមនីតិវិធីនៃជំនាញ នឹងយកសំណាកផ្ញើទៅពិនិត្យនៅរាជធានីភ្នំពេញ ដើម្បីឲ្យដឹងថា តើសត្វមាន់ទាំងនោះមានជំងឺផ្តាសាយបក្សី ឬមិនមាន ។ តែចំពោះមុខនេះ មន្ត្រីជំនាញនឹងធ្វើការតាមដាន សុខភាពសត្វនេះក្នុងអំឡុង ពេល២ ទៅ៣ថ្ងៃសិន បើមិនមានអ្វីគួឲ្យកត់សម្គាល់ នៃជំងឺផ្តាសាបក្សីទេនោះ មន្ត្រីជំនាញនឹងអនុវត្តតាមនីតិវិធីច្បាប់ ដោយធ្វើការផាកពិន័យ ។ លោកបន្ថែមថា ការបង្កា និងបង្ក្រាប នេះធ្វើឡើងក្នុងគោលបំណង បង្កាការរាលដាលនូវជំងឺផ្តាសាយបក្សី និងជំងឺឆ្លងនានា ដែលអាចកើតមានលើសត្វ និងជាការចូលរួម លើកកម្ពស់ការចិញ្ចឹមសត្វរបស់កសិករក្នុងស្រុក និងម្យ៉ាងទៀតនោះ ឲ្យមានការបង់ពន្ធចូលរដ្ឋផងដែរ ។

យោងតាមប្រភពព័ត៌មានដែលទទួលបាន សត្វមាន់រស់ទាំងអស់ខាងលើ ត្រូវបានឈ្មួញលួចនាំចូលពីប្រទេសថៃ តាមច្រករបៀងមួយកន្លែង ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

គួរបញ្ជាក់ថា ជាញឹកញាប់មន្ត្រីបសុពេទ្យខេត្តបន្ទាយមានជ័យ តែងធ្វើការបង្ក្រាប និងហាមឃាត់ការនាំចូលសត្វជ្រូក គោ ក្របី មាន់ ទា… ដែលឈ្មួញលួចនាំចូលដោយខុសច្បាប់ តែទោះជាយ៉ាងណាក៏ដោយ ការលួចនាំចូលនេះនៅតែកើតមាន ទោះបីជានៅតាមព្រំដែនមានសមត្ថកិច្ចយាមកាមព្រោងព្រាត យ៉ាងណាក៏ដោយ ៕

ដោយ ៖ សម្បត្តិ សីហា

ចំណែក