បុរសម្នាក់ត្រូវដើមឈើរលំសង្កត់ជាប់ ៣យប់ ៣ថ្ងៃ មិនស្លាប់ បែរជាមកស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

19

ប៉ៃលិន ៖ ហេតុការណ៍គួឲ្យសង្វេគមួយបានកើតឡើង ដោយបុរសម្នាក់ ត្រូវបានដើមឈើធំ មួយដើមដួលរលំសង្កត់លើ គាបជាប់អស់រយៈពេល ៣យប់ ៣ថ្ងៃ មិនស្លាប់ តែបែរជាមកស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ រយៈពេល២ថ្ងៃ ។

សេចក្តីរាយការណ៍ បានអោយដឹង ជនរងគ្រោះខាងលើមានឈ្មោះ ជិន ម៉ាលីន ភេទប្រុស អាយុ៣៩ឆ្នាំ ជាប្រជាការពារភូមិ មានប្រពន្ធ និងកូន៣នាក់ក្នុងបន្ទុក រស់នៅក្នុងភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ មុនកើតហេតុ នៅអំឡុងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ជនរងគ្រោះខាងលើ បានធ្វើដំណើរឡើងទៅលើភ្នំត្រប់ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន តែម្នាក់ឯង ដើម្បីអារឈើយកមកសង់ផ្ទះស្នាក់នៅជួបជុំប្រពន្ធកូន លុះចេញទៅតាំងពីព្រឹកព្រលឹម រហូតដល់ពេលល្ងាច បាត់ខ្លួន ដោយមិនឃើញត្រឡប់មកវិញ ទើបក្រុមគ្រួសារ នាំគ្នាទូរស័ព្ទទៅសួរនាំជនរងគ្រោះ តែទាក់ទងចូល គ្មានអ្នកទទួល ។ ដោយមិនអស់ចិត្ត ប្រពន្ធជនរងគ្រោះ បានព្យាយាម ទាក់ទងម្តងហើយម្តងទៀត រាប់សិបដង នៅតែគ្មានអ្នកទទួល រហូតទាក់ទងលែងបាន ទើបប្រពន្ធជនរងគ្រោះ ពឹងពាក់អ្នកភូមិ អោយជួយដើររកនៅលើភ្នំ អស់រយ:ពេលបីថ្ងៃ គឺរហូតមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅតែរកមិនឃើញ ទើបនាំគ្នាបន្តតាមរក ក្នុងព្រៃជ្រៅ ក៏ប្រទះឃើញដើមឈើ១ដើមធំ ដួលសង្កត់ពីលើចំពាក់កណ្តាលខ្លួនជនរងគ្រោះ រើមិនរួចគួរអោយសង្វែគក្រៃលែង ។ ភ្លាមនោះ អ្នកភូមិប្រញាប់សែងជនរងគ្រោះ យកទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ក្រោយសម្រាកព្យាបាលបានត្រឹមតែរយ:ពេល២ថ្ងៃ  ជនរងគ្រោះក៏ស្លាប់បាត់បង់ជីវិតតែម្តង ។  

ក្រោយស្លាប់បាត់បង់ជីវិត សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកមករៀបចំ ធ្វើបុណ្យតាមប្រពៃណី នៅភូមិដែលជាលំនៅដ្ឋានរបស់ជនរងគ្រោះ ក្នុងខេត្តប៉ៃលិន ៕

ដោយ ៖ សម្បត្តិសីហា

ចំណែក