ភ្នំពេញ ៖ បច្ចុប្បន្នភាពការមកពិគ្រោះ និងទទួលសេវាព្យាបាលជំងឺផ្លូវចិត្តនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀតមានការកើនឡើងប្រមាណជា៣០០ ទៅ៥០០នាក់ក្នុងមួយថ្ងៃ ដោយសារតែកត្តា ៣យ៉ាង ដោយខុសប្លែកជាងកាលពី៥ឆ្នាំមុន។
ប្រធានផ្នែកសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បានលើកឡើងថា នាព្រឹកថ្ងៃទី១ខែកុម្ភៈថា ការកើតឡើងជំងឺផ្លូវចិត្តនេះ ដោយសារតែកត្តា ៣យ៉ាងគឺកត្តា សង្គមសាស្ត្រ កត្តាជីវសាស្ត្រ និងកត្តាចិត្តសាស្ត្រ ហើយគ្មានអ្នកណាម្នាក់ អាចគេចផុតពីជំងឺផ្លូវចិត្តបាននោះទេ ព្រោះមនុស្សគ្រប់គ្នារស់នៅក្នុងសង្គម។
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា លើកឡើងថា ជម្ងឺផ្លូវចិត្តលេចឡើងនូវរោគសញ្ញាផ្សេងៗគ្នា ទៅតាមក្រុមកម្រិតនៃជំងឺផ្លូវចិត្ត។ ក្នុងនោះជំងឺថប់អារម្មណ៍ ដែលដើរតួរជាងគេមានរោគសញ្ញា ដូចជា ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ស្ងួតមាត់ រោយក ពិបាកដកដង្ហើម តឹងណែនទ្រូង ចុកទ្រូង បេះដូងដើរញាប់ ឈាមឡើង ត្រជាក់ចុងដៃជើង ចុករោយសាច់ដុំ អស់កម្លាំងល្ហិតល្ហៃ ចុកឆ្នុក ឈឺក្រពះ បត់ជើងតូចញឹក រដូវមិនទៀង ឆាប់ភ័យ បារម្ភពីអ្វីមិនទាន់កើត គំនិតអវិជ្ជមាន គេងយល់សប្តិច្រើន គេងមមើគេងភ្ញាក់ៗ មិនហ៊ានទៅមកទីណាតែឯងជាដើម ។ ចំណែកឯជំងឺធ្លាក់ទឹកចិត្តមានរោគសញ្ញា ដូចជា មានអារម្មណ៍ឯកោ អស់សង្ឃឹម គេងមិនបាន ញ៉ាំមិនបាន ស្រកទម្ងន់ ដកខ្លួនចេញពីសង្គម រឺគ្រួសារ ចង់នៅតែឯង រីឯអ្នកខ្លះមានគំនិត មានគម្រោងធ្វើអត្តឃាត រឺក៏ឈានធ្វើអត្តឃាត។
លោកវេជ្ជបណ្ឌិតបន្ថែមថា រោគសញ្ញាចុងក្រោយនៃជំងឺវិកលចរិតអាចមានដូចជា អាចស្ដាប់លឺ រឺមើលឃើញអ្វី ដែលមនុស្សធម្មតាមើលមិនឃើញរឺស្ដាប់មិនលឺ ដែលហៅថាសញ្ញាមមាល។ លោកវេជ្ជបណ្ឌិត ស្នើសុំឲ្យមនុស្សគ្រប់គ្នា តាមដានរាល់រោគសញ្ញាទាំងនេះ បើប្រទះឃើញត្រូវតែមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺផ្លូវចិត្តជាបន្ទាន់៕