អាជ្ញាធរ និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ជាង៣០០នាក់ រួមគ្នាដាំ ដើមឈើលើខ្នងអាងសំរោង

បន្ទាយមានជ័យ ៖ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ បាននាំយកកូនដើមឈើ ប្រភេទដើមក្រដាស ចំនួនមួយពាន់ដើម ប្រគល់ដល់អាជ្ញាឃុំសំរោង ស្រុកអូរជ្រៅ និងចូលរួមដាំជាមួយអាជ្ញាធរ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រមាណជាង៣០០នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ។

ការប្រគល់ និងដាំដើមឈើនេះ ធ្វើឡើងដោយមានការចូលរួមពីសំណាក់លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយ​មានជ័យ និងលោក ជា សេងអាន នាយករងរដ្ឋបាលសាលាខេត្តបន្ទាយ​មានជ័យលោក អេម ពៅ តំណាងលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយ​មានជ័យ ។

លោក អេម ពៅ បានលើកឡើងថា ដោយទទួលបានបញ្ជាពីលោក ចៅ ជីអាន តាមរយៈលោក តឹក សុភ័ក្រ ប្រធានរដ្ឋបាលសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ លោកបានដឹកនាំសមាជិកក្រុងសិរីសោភ័ណ ចំនួន៥នាក់ នាំយកដើមឈើចំនួន១០០០ដើម ជាប្រភេទដើមក្រដាស់ និងទឹកសុទ្ធ៣០យួរ ប្រគល់ជូនអាជ្ញាធរឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីដឹកនាំសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ជាង៣០០នាក់ ចុះដាំនៅតាមបណ្តោយផ្លូវលើខ្នងអាងសំរោង ។
លោកបន្តថា នេះជាលើកទីពីរហើយ ដែលសាខាសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានផ្តល់និងចូលរួមដាំដើមឈើ ដើម្បីចូលរួមក្នុងកិច្ចការងារសង្គម ក៏ដូចជាបរិស្ថាន ហើយកាន់តែធ្វើអោយតំបន់ខ្នងអាងសំរោង កាន់តែមានភាពស្រសបំព្រងបន្ថែមទៀត ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយ​មានជ័យបានថ្លែងការកោតសសើរ ដល់យុវជន(ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ ដែលតែងចូលរួមគាំទ្រ ជាមួយអាជ្ញាធរនិងសមត្ថកិច្ច ក៏ដូចជាក្នុងកិច្ចការងារសង្គម និងជួយដល់ពលរដ្ឋខ្វះខាត់ជាដើម ។ លោកក៏បានអរគុណលោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្មួយៗ សិស្សានុសិស្ស ដែលបានចូលរួមដាំទាំងទឹកចិត្តរីករាយ និងស បញ្ជាក់អោយឃើញពីភាពស្និតស្នាល រវាងពលរដ្ឋ និងអាជ្ញាធរ ។

លោកអភិបាលរងខេត្ត សង្ឃឹមថា ការចូលរួមដាំ និងមើលថែទាំដើមឈើ ដែលបងប្អូនបានដាំដោយផ្ទាល់ដៃ នឹងក្លាយជាតំបន់បៃតង ដ៏ស្រសបំព្រងនាពេលខាងមុខ ៕

CATEGORIES
Share This