លោកជំទាវ បាន ស្រីមុំ ជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ ចុះឈ្មោះ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា

91

ប៉ៃលិន៖ ក្នុងដំណើរចុះត្រួតពិនិត្យ និងលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យឈានមុខ ដែលកំពុងបំពេញភារៈកិច្ច ចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ តាមគោលដៅក្នុងខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រសាសន៍ជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ ធ្វើយ៉ាងណាទៅចុះឈ្មោះ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ ឲ្យបានគ្រប់ៗគ្នា ។

ដំណើរចុះត្រួតពិនិត្យនេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ដោយមានការអញ្ចើញចូលរួពីសំណាក់ឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត និង មន្រ្តីរាជការមកពីតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ផងដែរ ។  

ជាមួយគ្នានេះលោកជំទាវអភិបាលខេត្ត បានធ្វើការកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ក្នុងខេត្តប៉ៃលិន ដែលបានលះបង់ពេលវេលា និងខិតខំបំពេញភារកិច្ច ក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ យ៉ាងយកចិត្តទុកដាក់ នៅតាមគោលដៅរបស់ខ្លួននីមួយៗ ។

លោកជំទាវ ក៏បានលើកឡើងផងដែរ នូវបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងតែបន្តវាយលុក នៅក្នុងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ លើកទី៣ យ៉ាងធ្ងន់ធ្ងរ ដោយមិនទាន់ថមថយទៅវិញនៅឡើយទេ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បាននិងកំពុងខិតខំប្រឹងប្រែង ចំណាយទាំងកម្លាំងកាយ កម្លាំងប្រាជ្ញា និងដាក់បានចេញនូវវិធានការស្ទើររាល់ថ្ងៃ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះ ដែលជាសត្រូវគ្មានស្រមោល និងមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ។

ក្នុងនោះដែរលោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរឡើង ៕

ដោយ ៖ សម្បត្តិ សីហា

ចំណែក