ស្រុកចំនួន ២ ទទួលរងដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់ប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្ត។

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងរងគ្រោះទឹកជំនន់ចំនួន ១៥គ្រួសារ ស្ថិតក្នុងស្រុកចំនួន២ ដោយក្នុងនោះមានចំនួន ៨គ្រួសាររងការប៉ះពាល់តិចតួច និងចំនួន ៣គ្រួសារទៀតរងនូវការប៉ះពាល់ធ្ងន់ធ្ងរ ដែលស្ថិតក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំណែក ៤គ្រួសារទៀត ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយក្នុងនោះមាន ៣គ្រួសារទទួលរងការប៉ះពាល់តិចតួច ចំណែក ១គ្រួសារទៀត រងការប៉ះពាល់ធ្ងន់ធ្ងរ ។
ដូចនេះដើម្បីសម្រួលដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋកាលពីថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឱ្យលោកជំទាវ ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិកាសាខា មន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត នាំយកអំណោយមនុស្សធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះផលប៉ះពាល់នៅផ្ទះសម្បែងដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់។
នាឱកាសនោះលោកជំទាវ ប្រាក់ ច័ន្ទសុខា បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ក្នុងនោះលោកជំទាវ ប្រាក់ ច័ន្ទសុខា បានសំដែងនូវការសោកស្ដាយចំពោះការប៉ះពាល់ផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះនោះទឡើយ ហើយអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះមានចំនួនមិនសមល្មមនឹងការខាតបង់ តែក៏អាចជួយសម្រាលទុក្ខលំបាករបស់គ្រួសារបងប្អូនបានមួយកម្រិត និងក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង“ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ជាមួយគ្នានោះលោកជំទាវ ប្រាក់ ច័ន្ទសុខា បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនៅទីនេះសូមបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ផ្សេងៗ នៅពេលកំពុងជួបគ្រោះទឹកជំនន់ ជាពិសេសក្មេងៗមិនត្រូវបណ្តោយឱ្យលែងទឹកនោះទេ ព្រោះអាចមានផលប៉ះពាល់ដល់អាយុជិវិត និងគ្រោះថ្នាក់ផ្សេងៗ និងត្រូវប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ ដែលវាទៅទីទួលខ្ពស់ក៏ដូចជាកន្លែងយើងស្នាក់នៅជាដើម ប្រសិនបើមានបញ្ហាអ្វីកើតមានឡើងសូមបងប្អូនប្រញ៉ាប់ទាក់ទងទៅអាជ្ញាធរដែលនៅប្រចាំកាជិតទីតាំងបងប្អូន ក្នុងឱកាសនោះលោកជំទាវ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព កត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកការ រស់នៅស្អាត ផឹកស្អាត ហូបស្អាត ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឱ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ យើងត្រូវអនុវត្តការរស់នៅតាមប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ(៣កុំ ៣ការពារ) នឹងសូមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា។
ចំពោះអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ, ជែល ១ដប, ម៉ាស់ក្រណាត់ ១កញ្ចប់, និងថវិកាចំនួន ១០ម៉ឺនរៀល ចំណែកឯគ្រួសាររងការប៉ះពាល់ធ្ងន់ធ្ងរទទួលបាន តង់១ និងថវិកាចំនួន ២០ម៉ឺនរៀល៕

CATEGORIES
Share This