កម្លាំងអន្តរាគមន៍ កងពលតូចថ្មើរជើងលេខ៤១ បានត្រៀមកម្លាំង និងមធ្យោបាយបម្រើឲ្យការសង្គ្រោះគ្រោះមហន្តរាយជូនប្រជាពលរដ្ឋ

ខេត្តឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ នៅថ្ងៃនេះបានចេញបទបញ្ជាជាបន្ទាន់ដល់មេបញ្ជាការកងឯកភាពចំណុះយោធភូមិភាគទី៤ទាំងអស់ ឲ្យធ្វើការត្រួតពិនិត្យកម្លាំង និងមធ្យោបាយសង្គោះ ដើម្បីត្រៀមចុះអន្តរាគមន៍ជួយសង្គ្រោះអាយុជីវិតជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ទាំងមូល ក៏ដូចជាក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់បណ្តាកងឯកភាព ហើយក៏ត្រៀមកម្លាំង និងមធ្យោបាយសម្រាប់ចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ ក្នុងខណៈពេលដែលភ្លៀងកំពុងធ្លាក់ចុះឥតឈប់ឈរជាបន្តបន្ទាប់អស់ជាច្រើនថ្ងៃមកហើយ។

 ក្រោយទទួលបានបទបញ្ជាពីមេបញ្ជាការយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ក៏បានចេញបញ្ជាជាបន្ទាន់ដល់មេបញ្ជាការគ្រប់កងឯកភាពចំណុះកងពលតូចថ្មើរជើងលេខ៤១ទាំងអស់ ធ្វើការត្រួតពិនិត្យកម្លាំង និងមធ្យោបាយបម្រើឲ្យការជួយសង្គ្រោះអាយុជីវិតជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រទទួលខុសត្រូវបានទាន់ពេលវេលា ក៏ដូចជាត្រៀមកម្លាំងសម្រាប់អនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ។

 ក្រោយទទួលបានបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ផៃ សុផាត មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៤១ បានដឹកនាំក្រុមការងារចុះធ្វើការត្រួតពិនិត្យកម្លាំង និងរាល់មធ្យោបាយធានា និងបម្រើឲ្យការសង្គ្រោះបន្ទាន់ តាមបណ្តាកងឯកភាពចំណុះកងពលតូចថ្មើរជើងលេខ៤១។

គួររំលឹកថា នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ ដែលជាភូមិសាស្ត្រទទួលខុសត្រូវរបស់កងពលតូចថ្មើរជើងលេខ៤១ ក៏មានភ្លៀកធ្លាក់ចំនួន៥យប់៥ថ្ងៃជាប់ៗគ្នា ធ្វើឲ្យផ្លូវនៅតាមបណ្តាឃុំមួយចំនួនរងការខូចខាតផងដែរ៕

CATEGORIES
Share This