ជនសង្ស័យ០៣នាក់ទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀន

17

ខេត្តបាត់ដំបង៖ជនសង្ស័យចំនួន០៣នាក់ទៀតហើយត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ធ្វើការបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការបង្ក្រាបខាងលើនេះដែរ ជំហានដំបូងបានធ្វើឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចក្រុមទី០២ ស្ថិតក្នុងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សាយ ដួងចាន់ ហៅ គាំង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគារ១ ឃុំគារ ស្រុកមោងឬស្សី ជាមួយវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន០១ថង់ ទំងន់ ១ ,៦០ក្រាមទាំងសំបក ។

ក្រោយធ្វើការឃាត់ខ្លួន និងឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សាយ ដួងចាន់ ហៅ គាំង និងដោយមានការអនុញ្ញាតពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ នៅវេលាម៉ោង ០៧និង២០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានបន្តចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត ទី១-ឈ្មោះ ចិន ចោម ហៅ ដាំ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិស្តីស្ទឹង ឃុំតាលាស់ ស្រុកមោងឬស្សី
ទី២-ឈ្មោះ ណាត នីន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិសួស្តី ឃុំតាលាស់ ស្រុកមោងឬស្សី រួមជាមួយវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន០១ថង់ ទម្ងន់ ១១,៦៤ក្រាមទាំងសំបក – ទូរស័ព្ទដៃចំនួន០១គ្រឿង រួមទាំងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

ក្រោយធ្វើការឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យទាំង០៣នាក់រួមនិងវត្ថុតាងថ្នាំញៀនសរុប ០២ថង់ ទម្ងន់ ១៣,២៤ក្រាម ត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀនរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធី។

ដោយ៖ សាលី

ចំណែក