ប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួល សមត្ថកិច្ចឃាត់ បុរសជាប្តីសាកសួរ

14

ខេត្តបាត់ដំបង៖សមត្ថកិច្ចនាំខ្លួនបុរសម្នាក់យកមកសាកសួរក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងក្នុងសភាពហើមស្អុយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅអំឡុងវេលាម៉ោងជាង ៦និង០០នាទីល្ងាចថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិរំចេក ០៣ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះជួលខាងលើបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ វេត ភេទស្រី អាយុជាង ៣៩ឆ្នាំ និងបុរសជាប្តីមានឈ្មោះ ប៉ុល ប៊ុនធឿន អាយុ៤០ឆ្នាំ ពួកគេទាំង០២នាក់បានមកស្នាក់នៅផ្ទះជួលរបស់គាត់បានប្រមាណជិត ១០ថ្ងៃមកហើយ។ហើយនៅមុនពេលកើតហេតុគាត់បានឃើញប្តី ប្រពន្ធខាងលើចេញចូលដូចធម្មតាដែលទំនងជាទៅធ្វើការឬរកស៊ីផ្សេងៗ ប៉ុន្តែប៉ុន្មានជា ៣ទៅ៤ថ្ងៃមកនេះក៏បាត់ប្រពន្ធដោយឃើញតែបុរសជាប្តីម្នាក់ឯងប៉ុណ្ណោះចេញ និងចូលដើម្បីសម្រាកក្នុងបន្ទប់រហូតដល់ថ្ងៃភ្ញាក់ផ្អើលឡើង។

ប្រភពពីអ្នកស្នាក់នៅជាប់បន្ទប់គ្នាបានលើកឡើងថា÷ នៅល្ងាចថ្ងៃភ្ញាក់ផ្អើលពួកគាត់បានធុំក្លិនស្អុយភាយៗ ហើយនឹកស្មានថាសត្វកណ្តុរងាប់ក៏ហិតៗរហូតដល់មុខបន្ទប់ជនរងគ្រោះ ហើយក៏នាំគ្នាឆ្ងល់ច្រើនទៅៗក៏សម្រេចចិត្តច្រានទ្វាចូលពិនិត្យមើលក៏ស្រាប់តែឃើញសាកសពស្ត្រីជនរងគ្រោះតែម្តង ហើយករណីនេះស្របពេលដែលអ្នកភូមិមានការភ្ញាក់ផ្អើលឡើងក៏បានលេចមុខបុរសជាប្តីមកមើលប្រពន្ធដែរ ហើយភ្លាមៗសមត្ថកិច្ចក៏សាកសួររួចនាំខ្លួនទៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបងតែម្តង។

ជុំវិញករណីខាងលើនគរបាលជំនាញបានបញ្ជាក់ថា÷ យោងតាមចម្លើយរបស់បុរសជាប្តីបានសារភាពថាគាត់ពិតជាបានសម្លាប់ប្រពន្ធរបស់គាត់ពិតប្រាកដមែនដោយសារតែខឹងប្រពន្ធបានលើកសរសើរពីគុណសម្បត្តិរបស់ប្តីមុនច្រើនដងពេក និងខឹងមួយទៀតព្រោះតែប្រពន្ធបានឆាតច្រើនទៅនិយាយជាមួយកូនប្តីមុនថែមទៀត ហើយជាចុងក្រោយរវាងគាត់ទាំងពីរបានទាស់សម្តីគ្នាក៏កើតទះប្រពន្ធមួយកំផ្លៀងហើយច្របាច់ករហូតដាច់ខ្យល់ស្លាប់តែម្តងកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២១កន្លងមកនេះ ប៉ុន្តែទោះជាប្រពន្ធបានស្លាប់ហើយយ៉ាងណាក្តីក៏រូបគាត់នៅតែបន្តចេញចូលនៅក្នុងបន្ទប់មួយនេះរហូតមក ទោះជាសាកសពហើមធុំក្លិនក្តីដើម្បីមើលប្រពន្ធ និងនឹកស្តាយក្រោយតែអ្វីៗហួសពេលអស់ហើយ។

ក្រោយទទួលបានអង្គហេតុគ្រប់គ្រាន់ហើយកម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនជនដៃដល់ទៅអនុវត្តទោសតាមនីតិវិធី៕

ដោយ៖ សាលី

ចំណែក