មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ បន្តស្ថាបនាស្តាឡើងវិញ ផ្លូវដែលរងការខូចដោយទឹកជំនន់

11

បន្ទាយមានជ័យ ៖ ក្រោយរងការវាយប្រហាពីទឹកជំនន់កាលពីចុងឆ្នាំ២០២០ នៅផ្លូវជាច្រើនខ្សែ ជាពិសេស កំណាត់ផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តបន្ទាយមានជ័យ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងបន្តការស្ថាបនា ជុសជុលផ្លូវឡើងវិញ ដើម្បីផ្តល់ភាពងាយស្រួលដល់ការចរាចរ របស់បងប្អូនប្រជាពលរដ្ឋ។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានអោយអ្នកយកព័ត៍មានដឹងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ថា ក្នុងគម្រោងជុសជុលផ្លូវថ្នល់ ស្ពាន ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ទទួលបានគម្រោងចំនួនពីរ ដែលបានបើកការដ្ឋានជុសជុលកាលពីថ្ងៃទី៧ ខែមករា ២០២១ រួមមាន៖ ១.ការងារជុសជុលកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីចន្លោះបង្គលម៉ែត្រ៣៥៥+៨០០ ដល់បង្គោលម៉ែត្រ៥៧+៩០០ ដោយចាក់ក្រាលកៅស៊ូប្រភេទ DBST ប្រវែង២១០០ម៉ែត្រ ទទឹង១១ម៉ែត្រ ដោយរៀបប្រឡាយរំដោះទឹក ខាងឆ្វេងដៃ និងគម្រោងបេតុងលើប្រឡាយប្រវែង៥៥០ម៉ែត្រ, សាងសងគម្របអណ្តូងលូថ្មី ចំនួន១០៧កន្លែង, ស្ថាបនាខឿនបេតុងប្រវែង២៤៧៥ម៉ែត្រ, ក្រាលការ៉ូឡាចំនួន២៤៧៥ម៉ែត្រព្រមទាំងតម្លើងបរិក្ខាផ្លូវថ្នល់ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

២.ការងារជុសជុលកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីចន្លោះបង្គលម៉ែត្រ៣៥៨+៥៥០ ដល់គីឡូម៉ែត្រ៣៥៩+៦៥០ ដោយចាក់ដោយចាក់ក្រាលកៅស៊ូប្រភេទ DBST ប្រវែង១១០០ម៉ែត្រ ទទឹង១៤ម៉ែត្រ តម្លើងបរិក្ខាផ្លូវថ្នល់ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

លោកប្រធានមន្ទីរបានអោយដឹងទៀតថា ក្រៅពីគម្រោងទាំងពីរខាងលើ ដែលកំពុងស្ថាបនាមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបន្តការងារថែទាំផ្លូវជាតិលេខ៥៦ ចន្លោះពីបង្គោលគីឡូម៉ែត្រ ២៩+០០០ ទៅដល់ គីឡូម៉ែត្រ៣០+៤០០ ដោយលាបថ្នាំថ្មី បង្គោលសុវត្ថិភាពចរាចរណ៍ ។ បន្តការងារថែទាំផ្លូវជាតិលេខ៥៩ ចន្លោះពីបង្គោលគីឡូម៉ែត្រ៦+៧០០ ទៅដល់គីគូម៉ែត្រ៧+២០០ ដោយស្រោចកៅស៊ូកំទេចថ្មលើផ្ទៃថ្នល់ប្រេះពីរជាន់ ។ បន្តការងារថែទាំផ្លូវខេត្តលេខ១៥៦D ចន្លោះពីបង្គលគីឡូម៉ែត្រ ២០+១៥០ ទៅដល់គម ២៤+០០០ ដោយដាំបង្គោលសុវត្ថិភាពចរាចរណ៍ ។ បន្តការងារថែទាំផ្លូវខេត្តលេខ២៥៦៣B ចន្លោះពីគីឡូម៉ែត្រ ៤+៣០០ ទៅដល់គម ៤+៧០០ ជួសជុលចិញ្ចើមផ្លូវដោយស្រោចកៅស៊ូកំទេចថ្មពីរជាន់។

ជាមួយនិងការជុសជុល និងកំពុងស្ថាបនាផ្លូវនេះ លោកក៍អំពាវនាវសូមការយោគយល់ ពីបងប្អូនប្រជាពលរដ្ឋ នៅសងខាងផ្លូវ និងកំពុងធ្វើចរាចរនៅតាមទីតាំងខាងលើ ចំពោះការកកស្ទះចរាចរ និងសូមអោយបើកបរក្នុងល្បឿនដែលបានកំណត់ ជៀងគ្រោះថ្នាក់ផ្សេងៗកើតឡើងជាយថាហេតុ ៕

ចំណែក