Connect with us

សន្តិសុខ និង សង្គម

ឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ ដកហូតគ្រឿងញៀន១០គីឡូក្រាម

ស្ទឹងត្រែង៖ សមត្ថកិច្ចឃាត់ខ្លួនជនជាតិឡាវម្នាក់ និងថ្នាំញៀន១០កញ្ចប់ មានទម្ងន់១០គីឡូក្រាម ដែលនាំចូលឆ្លងដែនមកប្រទេសកម្ពុជា នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ ២០២២ ចំណុចគីឡូព្រំដែនលេខ០៣២ ជិតស្ពានលេខ២ ក្នុងភូមិសាស្ត្រ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយក​រងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន​ការិយាល័យ ក៩ បានឲ្យដឹងថា៖ ជនសង្ស័យជនជាតិឡាវឈ្មោះ ភីម ម៉ាន់ចាន់កាន់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថាកាំង ស្រុកមួន ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

លោកបន្តថា៖ មុនឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនជាតិឡាវម្នាក់នេះ កម្លាំងចម្រុះ បាន​សហការ​ជាមួយកម្លាំងពាក់ព័ន្ធ​ និងធ្វើការស៊ើបអង្កេត ​ជាយូរថ្ងៃមកហើយ ទើប​ឈានដល់​ការ​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន​ខាង​លើនេះ បាននិងឃាត់ខ្លួនជនជាតិឡាវម្នាក់ ជាមួយ​និង​ថ្នាំញៀន​ប្រភេទមេតំហ្វេតាមីន (ICE) ម្សៅក្រាមពណ៌សចំនួន ១០កញ្ចប់ធំ ស្មើនឹង៩.៨៦៦,៥៦ក្រាម ។

នៅចំពោះមុខសមត្ថកិច្ច ​ជនជាតិឡាវជាជនសង្ស័យ​បានឆ្លើយសារភាពថា ថ្នាំញៀននេះ​ខ្លួនបាន​ស៊ីឈ្នួលនាំយកមកឲ្យគេ ក្រោយពីឆ្លងដែនមក ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្ដង។សូមបញ្ជាក់ថា៖ ថ្នាំញៀនត្រូវបាន​ធ្វើ​តេស្តបឋមដោយ​មានការចូលរួម​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង រកឃើញថា ពិតជាមានសារធាតុញៀនពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញរៀបចំ​កសាងសំណុំរឿង​បញ្ជូនខ្លួន​ទៅ​កាន់តុលាការខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕