នគរបាលខេត្តបាត់ដំបង បង្ក្រាបគ្រឿងញៀន២ករណី ឃាត់ខ្លួនបានជនសង្ស័យ៤នាក់

12

បាត់ដំបង ៖ ជនសង្ស័យប្រុសស្រីចំនួន០៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកគាស់ក្រឡ និងកម្លាំងននគរបាលក្រុងបាត់ដំបង បង្ក្រាបឃាត់ខ្លួន ជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ២ករណីផ្សេងគ្នា ។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា ករណីទី១ ធ្វើឡើងដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង គន្ធា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ជាមួយវត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ៥០ថង់ទម្ងន់ ១៦,៩៩ក្រាមទាំងសំបក, ទូរស័ព្ទដៃចំនួន០១គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ករណីទី២ ធ្វើឡើងដោយកម្លាំង ផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កាលពីវេលាម៉ោង ១៥និង២០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន ៖ ១-ឈ្មោះ សំ ច័ន្ទសិរីរតនៈ ហៅ ឆៃវ៉ាត់ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអូរតាពុកលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ២-ឈ្មោះ ណុប សង្ហា ហៅ ស្រឿង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៣-ឈ្មោះ ហ៊ុន សុតឺ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិអូរតាពុកលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ទាំង៣នាក់ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ជាមួយវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០២កូនថង់ ទម្ងន់ស្មើ ២៥,៩៩ក្រាមទាំងសំបក, ទូរស័ព្ទដៃចំនួន០១គ្រឿង និងម៉ូតូចំនួន០១គ្រឿង។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

ចំណែក