ប្រជាពលរដ្ឋទទូចសុំសម្តេចជួយអន្តរាគមន៍ខណៈមានក្រុមហ៊ុនមួយមករារាំងការអភិវឌ្ឍន៍មូលនិធិឃុំក្នុងការសាងសង់ផ្លូវលំនិងរារាំងពួកគាត់មិនឲ្យភ្ជួរដីដាំដុះនៅលើដីអាស្រ័យផលជាង១០ឆ្នាំ

ខេត្តបាត់ដំបងៈ ប្រជាពលរដ្ឋរាប់រយនាក់បានលើកដៃសំពះទទូចសុំសម្ដេចទាំងទ្វេរជួយអន្តរាគមន៍ខណៈមានក្រុមហ៊ុនមួយមករារាំងការអភិវឌ្ឍន៍មូលនិធិឃុំក្នុងការសាងសង់ផ្លូវលំនិងរារាំងពួកគាត់មិនឲ្យភ្ជួរដីដាំដុះដំណាំកសិផលនិងសុំផ្ដល់កម្មសិទ្ធិកាន់កាប់ដីធ្លីដែលពួកគាត់រស់នៅអាស្រ័យផលជាង១០ឆ្នាំមកហើយនៅចំណុចភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡខេត្តបាត់ដំបង។

ការប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋខាងលើធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ គោលបំណងដើម្បីសំណូមពរសុំអោយសម្ដេចទាំងទ្វេរជួយពួកគាត់និងសុំសិទ្ធកាន់កាប់ដីធ្លីដែលពួកគាត់បានកាប់ឆ្ការអាស្រ័យផលមកជាង១០ឆ្នាំហើយមិនដែលមានជនណាមករារាំងឬហាមឃាត់នោះទេ ទើបនៅពេលថ្មីៗនេះមានជនមិនស្គាល់មុខមួយក្រុម បានដើរហាមឃាត់មិនអោយពួកគាត់ភ្ជួរដី ដាំដុះដំណាំឬសាងសងផ្ទះខ្ទមអ្វីឡើយ មិនតែប៉ុណ្ណោះបានរារាំងការអភិវឌ្ឍន៍មូលនិធិឃុំក្នុងការសាងសង់ផ្លូវលំជាការសំណូមពររបស់ពលរដ្ឋដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលផងដែរ។

លោក ម៉ម សង មេភូមិដូនបា បានមានប្រសាសន៍ថា ចំណុចទីមួយប្រជាពលរដ្ឋមកជួបជុំគ្នាកុះករនេះគឺពួកគាត់មកសម្ដែងសេចក្ដីត្រេកអរដែលអាជ្ញាធរមួលដ្ឋានឃុំដូនបា បានសាងសង់ផ្លូវលំអោយពួកគាត់ ចំណុចទី២គឺពួកគាត់កើតទុក្ខ មិនសុខចិត្ត ដោយសារមានក្រុមហ៊ុនណាមួយនោះបានអះអាងថាជាដីពួកក្រុមហ៊ុនគេជាង៤០០០ហិកតា ហើយបើដីក្រុមហ៊ុននោះមានជាង៤០០០ហិកតានោះគឺរាប់បញ្ចូលទាំងដីស៊ីម៉ាក់ ដីសង្គមកិច្ចរបស់ខេត្តបាត់ដំបង រួមទាំងដីដែលមានប្លង់ចេញអោយប្រមាណជា ៥០០ហិកតាហើយផងដែរ។

លោកបន្តថា មន្ត្រីបុគ្គលិកក្រុមហ៊ុននេះបានមកដើរហាមឃាត់ពួកគាត់ មិនអោយដាំដុះបង្កបង្កើនផលលើដីពួកគាត់ដែលអាស្រ័យផលរហូតជាង១០ឆ្នាំមកហើយ ដោយក្រុមហ៊ុននេះគឺពួកគាត់សំអាងលើដីការក្សាការពារតាំងពីឆ្នាំ២០១៣ ដែលក្នុងច្បាប់របស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ដីក្រោយពីឆ្នាំ២០១៣ ក្រោយបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលមកគឺជាដីរបស់រដ្ឋ ក្រោយមកមានប្រជាពលរដ្ឋចូលមករុករានកាន់កាប់ដាំដុះអាស្រ័យផលជាង១០ឆ្នាំមកហើយ ទើបមានក្រុមហ៊ុនមួយបានមកអះអាងជាដីរបស់ពួកគេទៅវិញ។

លោកមេភូមិបានបញ្ជាក់ថាការសាងសង់ផ្លូវលំនេះ ខាងក្រុមហ៊ុនបាននិយាយថាសាងសង់ផ្លូវលើដីរបស់ក្រុមហ៊ុនគេផងដែរ ខណៈអាជ្ញាធរឃុំដូនបា ដែលធ្វើផ្លូវនេះគឺមានធ្វើលទ្ធកម្មដីធ្លីត្រឹមត្រូវ មានសំណើរទៅខាងក្រុមស៊ីម៉ាក់ត្រឹមត្រូវនិងភាគីពាក់ព័ន្ធផ្សេងទៀតត្រឹមត្រូវស្របទៅតាមច្បាប់របស់អាជ្ញាធរឃុំ ហើយចំណុចភូមិសាស្ត្រព្រំដែនឃុំ ដែលលោក អុក សារឿន មេឃុំឆ្នាល់មាន់ បានចុះផ្សាយថាអាជ្ញាធរភូមិឃុំបានរំលោភដែនសមត្ថកិច្ច យើងបានប្រជុំគ្នានៅសាលាស្រុកគាស់ក្រឡ ក្រោយពីបទបញ្ជាលេខ០១ឆ្នាំ២០១៣ បានសម្រេចថាភូមិណា ឃុំណាធ្វើដល់ណា ភូមិនឹងឃុំនឹងត្រូវប្រមូលប្រជាពលរដ្ឋនិងទទួលខុសត្រូវត្រឹមនឹង ព្រោះប្រជាពលរដ្ឋគាត់រស់នៅកន្លែងណាគឺរកអាជ្ញាធរកន្លែងនោះ អាជ្ញាធរភូមិគោករកា និងឃុំដូនបា មិនបានរំលោភដែនសមត្ថកិច្ចនោះទេ ការចុះផ្សាយរបស់ឃុំឆ្នាល់មាន់ គឺសុំបដិសេដទាំងស្រុងតែម្ដង។

ចំណែកលោក ចិន សំអន មេឃុំដូនបា បានមានប្រសាសន៍អះអាងថា នៅពេលថ្មីៗនេះមានជនមិនស្គាល់មុខមួយក្រុមបានមកដើរហាមប្រាមប្រជាពលរដ្ឋរស់នៅក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ មិនអោយភ្ជួរដី មិនអោយដាំដុះបង្កបង្កើនផលដំណាំនិងសង់ផ្ទះខ្ទមនៅលើដីដែលពួកគាត់រស់នៅជាង១០ឆ្នាំមកហើយ ព្រមទាំងបានរារាំងការអភិវឌ្ឍន៍មួលនិធិឃុំក្នុងការសាងសង់ផ្លូវលំសម្រាប់ប្រជាពលរដ្ឋដឹកជញ្ជួននិងធ្វើដំណើរចេញចូលនិងដឹកអ្នកជម្ងឺទៅសង្គ្រោះឬអ្នកត្រូវឆ្លងទន្លេ(កើតកូន)ឬគ្រោះថ្នាក់ផ្សេង ៗដោយអះអាងថាពួកគេជាក្រុមហ៊ុនចិនមួយ។

CATEGORIES
Share This